សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសម្លឹងឃើញចំណុចសំខាន់ៗ៣ ទើបសម្រេចតែងតាំង លោក ស៊ន អេលីត ជាគ្រូបង្វឹកជម្រើសជាតិ

CAMSOC-ភ្នំពេញ÷ លោក ស៊ន អេលីត អ្នកគ្រប់គ្រងក្លឹបប្រដាល់គុនខ្មែរនាយកដ្ឋានអង្គរក្ស ត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ ដោយសម្លឹងឃើញលើចំណុច៣សំខាន់ ដើម្បជួយបង្វឹក ត្រៀមស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និង ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ប្រាប់តាមប្រព័ន្ធតេឡេក្រាមថា មូលហេតុដែលតែងតាំងលោក ស៊ន អេលីត ជាគ្រូបង្វឹកក្រុមជម្រើសជាតិ ដោយសារតែសហព័ន្ធមើលឃើញនូវគុណសម្បត្តិ៣សំខាន់ៗរបស់លោក ដែលអាចជួយឲ្យប្រដាល់សកលកម្ពុជាអភិវឌ្ឍរីកចម្រើន និងទទួលបាននូវលទ្ធផលល្អ នៅស៊ីហ្គេម លើកទី៣១ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក អះអាងថា លោក ស៊ន អេលីត ស័ក្តិសមជាគ្រូជម្រើសជាតិនោះគឺ ទី១ លោកមានបទពិសោធក្នុងការបង្វឹកកីឡាករ ទី២ លោកជាអតីតជម្រើសជាតិប្រដាល់សកល ដែលដឹងច្រើនពីយុទ្ធសាស្រ្តហ្វឹកហាត់សកល និងមានឆន្ទៈក្នុងការជំរុញអភិវឌ្ឍន៍ និងទី៣ លោកជាមនុស្សម្នាក់មានកេរ្តិ៍ឈ្មោះល្អ ក្នុងវិស័យប្រដាល់ និងជួយជំរុញឲ្យប្រដាល់សកលកម្ពុជា កាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។

បន្ទាប់ពីទទួលបានការតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ លោក ស៊ន អេលីត បានប្តេជ្ញាថា លោកនឹងចូលរួមសហការជាមួយសហព័ន្ធកីឡាប្រដាល់សកល និងធ្វើយ៉ាងណាពង្រឹងគុណភាពកីឡាករ កីឡាការិនីជម្រើសជាតិ និងពង្រីកធនធានប្រដាល់សកលឲ្យកាន់តែច្រើន តាមរយៈការកៀរគរក្លិបប្រដាល់សកលមួយចំនួនឲ្យមានសកម្មភាពបណ្តុះបណ្តាលឡើងវិញ និងបង្កើតឲ្យមានទីផ្សារប្រកួតសម្រាប់ពួកគេ និងជម្រើសជាតិ។

គួររំលឹកថា លោក ស៊ន អេលីត មុននឹងក្លាយជាគ្រូបង្វឹក ធ្លាប់ជាអតីតកីឡាករជម្រើសជាតិកីឡាប្រដាល់សកល ជម្រើសជាតិកីឡាតេក្វាន់ដូ និងជាអតីតជម្រើសជាតិកីឡាករវ៉ូវីណាមផងដែរ។ ក្រោយពីលោកបានលាឈប់ពីអាជីពជាកីឡាករ ក៏ងាកមកធ្វើជាគ្រូបង្វឹកគុនខ្មែរ ដោយគ្រប់គ្រងក្លិបប្រដាល់ឆ្មាសរសែនសុខមុនគេ រួចប្តូរទៅជាក្លិបប៉ែនកាក់គុនខ្មែរ និងបន្តទៅគ្រប់គ្រងក្លិបប្រដាល់គុនខ្មែរនាយកដ្ឋានអង្គរក្សរហូតមកដល់បច្ចុប្បន្ន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online