សហព័ន្ធកីឡារាំកម្ពុជាបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសមុនរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡារំាកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសជាលើកដំបូង ក្រោមការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនគុណភាពដល់មន្ត្រីរបស់ខ្លួន ត្រៀមរៀបចំការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ នាខែធ្នូ ឆ្នាំ២០២១។

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមន្ត្រីឲ្យកាន់តែប្រសើរ ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ នាខែក្រោយនេះ ជាពិសេសសម្រួចគោលដៅឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកជំទាវប្រធានសហព័ន្ធបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឲ្យខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំនេះដឹងពីគ្រូឧទ្ទេសប្រចាំវគ្គ ដើម្បីបង្កើនកម្រិតសមត្ថភាពឲ្យបានល្អប្រសើរ ដើម្បីបង្កើនកម្រិតសក្តានុពលវិស័យកីឡាំរាំកម្ពុជាទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។ ជាមួយគ្នានោះ លោកជំទាវ ញ៉ែម មរកត ក៏ស្នើឲ្យមន្ត្រីកីឡារាំទាំអស់បន្តកិច្ចសហការ សាមគ្គីភាព រួមធ្វើ និងរួមទទួលខុសត្រូវ ក្នុងដំណើរអភិវឌ្ឍវិស័យកីឡារាំកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំនេះបានចាប់ផ្តើមពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online