រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលកិច្ចប្រជុំលើកទី២៧

(ភ្នំពេញ)៖ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៧ (ATM) ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំនេះ និងមាន លោក Budi Karya Sumadi រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី ជាអនុប្រធាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំដោយកិច្ចប្រជុំនាំមុខនៃកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនលើកទី៥២ (STOM) និងការពិគ្រោះយោបល់ជាមួយដៃគូសន្ទនា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ការបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩

កិច្ចប្រជុំ បានស្វាគមន៍ចំពោះការអនុម័តនូវគោលការណ៍ណែនាំការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ការតភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវគោកជាអន្តរជាតិ ប្រកបដោយភាពធន់ និងចីរភាពនៅក្នុងអាស៊ាន ដោយឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន ដែលនឹងគាំទ្រដល់ប្រទេសជាសមាជិកអាស៊ាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺរាតត្បាតនៅក្នុងវិស័យអាទិភាពទាំងបី(៣) រួមមាន៖ (i) សុវត្ថិភាពក្នុងការដឹកជញ្ជូនដោយ និងការបណ្តុះបណ្តាល (ii) ការរក្សាការតភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវគោក និង (iii) ការកសាងឡើងវិញកាន់តែប្រសើរតាមរយៈការតភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវគោក ដោយឌីជីថល ភាពធន់ និងការកាត់បន្ថយសារធាតុកាបូន។

* ការលើកកម្ពស់ការផ្លាស់ប្តូរ ឬបរិវត្តឌីជីថលនៅក្នុងអាស៊ាន

កិច្ចប្រជុំ ត្រូវបានចង្អុលណែនាំដោយលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្តីពីការជំរុញការផ្លាស់ប្តូរឬបរិវត្តឌីជីថល ហើយបានបញ្ជាក់ម្តងទៀតថាការផ្លាស់ប្តូរឬបរិវត្តឌីជីថល គឺជាបញ្ហាអន្តរវិស័យ ដែលទាមទារឱ្យមានសកម្មភាពសម្របសម្រួលពីវិស័យដឹកជញ្ជូនផងដែរ។ ក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការពន្លឿនការផ្លាស់ប្តូរឬបរិវត្តឌីជីថលសម្រាប់ការដឹកជញ្ជូន និងភ័ស្តុភារកម្ម ឱ្យកាន់តែមានភាពធន់ជាងមុននៅក្នុងតំបន់អាស៊ាន» ត្រូវបានធ្វើឡើងជាប់ជាមួយនឹងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដើម្បីពង្រឹងភាពជាដៃគូ ការតភ្ជាប់កាន់តែប្រសើឡើង ជួយឱ្យសេដ្ឋកិច្ចរីកចម្រើននិងមានភាពប្រកួតប្រជែងកាន់តែច្រើន សម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងសំខាន់ជាងនេះទៅទៀតដើម្បីការងើបឡើងកាន់តែខ្លាំងពីវិបត្តិជំងឺរាតត្បាត។

* ការពង្រឹងទីផ្សារអាកាសចរណ៍តែមួយរបស់អាស៊ាន

អង្គប្រជុំ បានបញ្ចប់ពិធីសារដើម្បីអនុវត្តកញ្ចប់ទី១២ នៃការប្តេជ្ញាចិត្តលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីសេវាកម្ម(AFAS) ដែលនឹងត្រូវចុះហត្ថលេខា ដោយមធ្យោបាយបញ្ជូនទៅតាមប្រទេស ដើម្បីសម្រួលដល់ការអនុវត្តរបស់ខ្លួន ក្នុងការធ្វើឱ្យមានសេរីភាវូបនីយកម្មបន្ថែមទៀត ទៅលើសេវាកម្មជំនួយសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាស នៅអាស៊ាន។

អង្គប្រជុំ បានកត់សម្គាល់ពីវឌ្ឍនភាពឥតឈប់ឈរ នៃការអនុវត្តផែនការមេសេវាកម្មត្រួតពិនិត្យផ្លូវហោះហើរអាស៊ាន ដែលមានគោលបំណង សម្រេចឱ្យបាននូវកម្មវត្ថុនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដោយរលូន ក្នុងផ្នែកសុវត្ថិភាព អន្តរប្រតិបត្តិការ សុខដុមនីយកម្ម បរិស្ថាន សមត្ថភាពនិងប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ការបើកចំហជើងមេឃដោយរលូន ដែលនឹងគាំទ្រដល់ការបង្កើតទីផ្សារអាកាសចរណ៍តែមួយរបស់អាស៊ាន។

បន្ទាប់ពីការចុះហត្ថលេខាលើចំណាត់ការនៃការទទួលស្គាល់គ្នាទៅវិញទៅមក ស្តីពីការផ្តល់អាជ្ញាប័ណ្ណនាវិក ឬក្រុមហោះហើរ (MRA on FCL) រួមគ្នាជាមួយនឹងកិច្ចព្រមព្រៀងក្របខណ្ឌ និងការអនុម័តលើពិធីសារអនុវត្តទី-១ (IP-1): គុណវុឌ្ឍិនៃឧបករណ៍បើកបរសិប្បនិមិត្តសម្រាប់បណ្តុះបណ្តាលការហោះហើរ និងពិធីសារអនុវត្តទី-២ (IP-2):ស្ថាប័ននៃការបណ្តុះបណ្តាលអាកាសចរណ៍ ដើម្បីអនុវត្តជំហានដំបូងលើចំណាត់ ការនៃការទទួលស្គាល់គ្នាទៅវិញទៅមក ស្តីពីការផ្តល់អាជ្ញាប័ណ្ណនាវិក ឬក្រុមហោះហើរ (MRA on FCL) អង្គប្រជុំបានប្រគល់ភារកិច្ចឱ្យឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន និងក្រុមការងារពាក់ព័ន្ធ ដើម្បីបន្តការងារឱ្យបានល្អ ដើម្បីបង្កើតពិធីសារអនុវត្ត (IPs) ជាបន្តបន្ទាប់ ដែលមានគោលបំណងធានាឱ្យមានសុវត្ថិភាពកម្រិតខ្ពស់បំផុត ស្របតាមស្តង់ដារនិងអនុសាសន៍ក្នុងការអនុវត្ត របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) និងបន្ថែមអត្ថប្រយោជន៍ដែលមានសក្តានុពល នៃកិច្ចសហប្រតិបត្តិការបទប្បញ្ញត្តិ និងការរួមបញ្ចូលគ្នា នៅក្នុងអាស៊ាន។

* លើកកម្ពស់បណ្តាញដឹកជញ្ជូនផ្លូវគោក និងការសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនអាស៊ាន

អង្គប្រជុំ បានស្វាគមន៍ចំពោះការផ្តល់សច្ចាប័នពេញលេញ និងការចូលជាធរមាននៃពិធីសារទី២ (ការកំណត់ប៉ុស្តិ៍ព្រំដែន) នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការសម្របសម្រួលទំនិញក្នុងការឆ្លងកាត់ (AFAFGIT) ពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ហើយរង់ចាំការផ្តល់សច្ចាប័នពេញលេញលើពិធីសារទី៦ (ស្ថានីយព្រំដែន និងស្ថានីយផ្លាស់ប្តូរផ្លូវដែក) ដើម្បីបញ្ចប់ការផ្តល់សច្ចាប័នលើពិធីសារអនុវត្តទាំងអស់ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌ AFAFGIT ។

អង្គប្រជុំ មានការរីករាយក្នុងការកត់សម្គាល់លើការអនុវត្តប្រព័ន្ធគយឆ្លងកាត់អាស៊ាន (ACTS) ទោះបីជាមានការរឹតត្បិតការដឹកជញ្ជូនឆ្លងដែនដោយសារជំងឺកូវីដ-១៩ ក៏ដោយ និងបានអំពាវនាវឱ្យមានការសម្របសម្រួលគ្នាកាន់តែខ្លាំងរវាងមន្រ្តីដឹកជញ្ជូន និងមន្ត្រីគយ ដើម្បីធ្វើការរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើនការប្រើប្រាស់ប្រព័ន្ធគយឆ្លងកាត់អាស៊ាន ACTS ដោយវិស័យឯកជន។

* ការរួមបញ្ចូលផែនការដឹកជញ្ជូនប្រកបដោយចីរភាព និងការប្រើប្រាស់ដីធ្លី

អង្គប្រជុំ បានអនុម័តលើឯកសារពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រកបដោយចីរភាពចំនួនពីរគឺ៖ (i) គោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន (SUMP) ដែលផ្តល់ជាឯកសារណែនាំ ស្តីពីការប្រើប្រាស់ជាឧបករណ៍ធ្វើផែនការដោយកិច្ចសហការគ្នា ក្នុងការរចនាប្លង់ និងអនុវត្តការធ្វើសមាហរណកម្មនៃការធ្វោះចរាចរណ៍ក្នុងក្រុង និងវិធានការរៀបចំផែនការប្រើប្រាស់ដីធ្លី និង (ii) ឯកសារជាឧបករណ៍សម្រាប់បង្កើតប្រតិបត្តិករដឹកជញ្ជូនក្នុងក្រុងនៃតំបន់ទីក្រុងរបស់អាស៊ាន (MTE) ដែលដើរតួជាឧបករណ៍មួយសម្រាប់រដ្ឋជាសមាជិកអាស៊ាន ក្នុងការបង្កើតផែនការដឹកជញ្ជូនក្នុងក្រុងដ៏ទូលំទូលាយមួយ ដើម្បីគាំទ្រដល់ការគ្រប់គ្រងអន្តរស្ថាប័ន និងបញ្ហាពហុវិន័យ ដែលទាក់ទងនឹងប្រព័ន្ធដឹកជញ្ជូនក្នុងក្រុង នៅតំបន់ទីប្រជុំជនខ្នាតមធ្យមក្នុងតំបន់អាស៊ាន។

អង្គប្រជុំ បានចេញសេចក្តីប្រកាសទីក្រុងភ្នំពេញ ស្តីពីការធ្វើចរាចរណ៍ក្នុងក្រុងប្រកបដោយចីរភាព ដែលមានគោលបំណងលើកកម្ពស់ក្នុងការបង្កើតឡើង និងការប្រតិបត្តិនូវគំរូ SUMP និង MTE នៅក្នុងប្រទេសជាសមាជិកអាស៊ាន ដើម្បីលើកកម្ពស់ធ្វើសមាហរណកម្មការដឹកជញ្ជូនប្រកបដោយចីរភាព និងផែនការប្រើប្រាស់ដីធ្លី ក្នុងតំបន់អាស៊ាន។

* ឆ្ពោះទៅការតភ្ជាប់ និងការធ្វើសមាហរណកម្មដឹកជញ្ជូនតាមសមុទ្រមានវិសាលភាពកាន់តែធំ

អង្គប្រជុំ មានសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ លទ្ធផលនៃការវិភាគលើសូចនាករការអនុវត្តគន្លឹះ (KPI) នៃបណ្តាញកំពង់ផែអាស៊ាន ដែលបង្ហាញពីចលនាកើនឡើងមួយ ក្នុងសកម្មភាពនិន្នាការរួម នៅក្នុងសូចនាករទាំងអស់ចាប់ពីឆ្នាំ២០០៥-២០១៩។ អង្គប្រជុំ បានថ្លែងអំណរគុណកូរ៉េ ចំពោះជំនួយបច្ចេកទេសក្នុងការធ្វើការវិភាគ និងបានជំរុញឱ្យកំពង់ផែដែលកំពុងមានដំណើរការនៅទាបជាងកម្រិតកំណត់ប្រសើរបំផុតខាងលើ ឱ្យពិនិត្យឡើងវិញនូវប្រតិបត្តិការ នីតិវិធី និងមធ្យោបាយដែលមានស្រាប់ដើម្បីបង្កើនប្រសិទ្ធភាពកំពង់ផែ។

អង្គប្រជុំ បានកត់សម្គាល់ដោយកោតសរសើរ ចំពោះការបញ្ចប់នូវគំនិតផ្តួចផ្តើម ដើម្បីពិនិត្យឡើងវិញ នូវស្ថិតិ គោលនយោបាយ និងកម្មវិធីដែលមានស្រាប់ទាក់ទងនឹងសុវត្ថិភាពដឹកជញ្ជូនតាមសមុទ្រ នៅថ្នាក់តំបន់ និងថ្នាក់ជាតិ។ អង្គប្រជុំ ទទួលស្គាល់សារៈសំខាន់នូវវត្តមាននៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនាវាចរណ៍ដ៏រឹងមាំ និងផែនការបន្ទាន់ ដើម្បីកាត់បន្ថយឧបទ្ទវហេតុនាវាសមុទ្រ ដែលមិនបានគិតទុកជាមុន។

អង្គប្រជុំ បានកត់សម្គាល់ដោយព្រួយបារម្ភអំពីបញ្ហាកង្វះកុងតឺន័រសកល ដែលបណ្តាលឱ្យមានការកើនឡើងនៃថ្លៃដឹកជញ្ជូនទំនិញ ដែលជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្មក្នុងតំបន់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការចែករំលែកការអនុវត្តល្អៗ និងវិធានការប្រឈមក្នុងការឆ្លើយតប។ អង្គប្រជុំ បានទន្ទឹងរង់ចាំការចាប់ផ្តើមសិក្ខាសាលាតាមប្រព័ន្ធវីដេអូ និងការសិក្សាជាក់ស្តែង ដើម្បីស្វែងយល់ឱ្យបានប្រសើរ អំពីបញ្ហាឆ្លងដែននេះ និងផ្តល់អនុសាសន៍គោលនយោបាយ ដើម្បីពង្រឹងការដឹកជញ្ជូនកុងតឺន័រ ឆ្ពោះទៅការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។

* កិច្ចសហប្រតិបត្តិការដឹកជញ្ជូនជាមួយដៃគូសន្ទនា

ទាក់ទងនឹងការចរចាកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍(ASA) ដែលកំពុងដំណើរការ ជាមួយដៃគូសន្ទនា(DPs) ដូចជានូវែលសេឡង់ ជប៉ុន និងកូរ៉េ អង្គប្រជុំបានជំរុញឱ្យក្រុមការងារពាក់ព័ន្ធ បន្តធ្វើការងារឆ្ពោះទៅរកការបញ្ចប់ប្រកបដោយជោគជ័យ និងទទួលបាននូវកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍(ASA) មួយ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងមានភាពសេរីកាន់តែច្រើន នៅក្នុងទិដ្ឋភាពមួយដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ាន និងដៃគូសន្ទនា។

ជាមួយប្រទេសចិន អង្គប្រជុំ បានស្វាគមន៍ចំពោះការអនុម័តសេចក្តីព្រាងកម្មវិធីសកម្មភាពឆ្នាំ ២០២១-២០២៥ នៃផែនការយុទ្ធសាស្ត្របច្ចុប្បន្នភាព សម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន និងបានប្រគល់ភារកិច្ចឱ្យឧត្តមមន្រ្តី ពង្រឹងការសម្របសម្រួលជាមួយប្រទេសចិន ដើម្បីអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការដែលបានកំណត់ឱ្យមានប្រសិទ្ធភាព។

ជាមួយសហភាពអឺរ៉ុប អង្គប្រជុំរីករាយក្នុងការកត់សម្គាល់ថាកិច្ចចរចា ស្តីពីកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាពអឺរ៉ុប(AE CATA) ត្រូវបានបញ្ចប់ដោយជោគជ័យ នៅឯកិច្ចប្រជុំឧត្ដមមន្រ្តីដឹកជញ្ជូនវិសាមញ្ញអាស៊ាន-សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ អង្គប្រជុំ កត់សម្គាល់បន្ថែម ការបញ្ចប់ដោយជោគជ័យក្នុងការជម្រះនីតិវិធីផ្លូវច្បាប់(ផ្ទៃក្នុង) នៃកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាពអឺរ៉ុប(AE CATA) និងការបញ្ចប់សេចក្តីថ្លែងហេតុ(ROS) និងទន្ទឹងរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងសេចក្តីថ្លែងហេតុ(ROS) នេះ នៅពេលវេលាសមស្របខាងមុខឆាប់ៗ ដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ាននិងអឺរ៉ុប ក៏ដូចជាដើម្បីប្រមូលផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមបន្ថែមទៀត។ អង្គប្រជុំ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះជំនួយបច្ចេកទេស ដែលបានផ្តល់តាមរយៈការគាំទ្រសមាហរណកម្មតំបន់អាស៊ានដោយកម្មវិធីអឺរ៉ុប ARISE-Plus និងឧបករណ៍ពង្រឹងកិច្ចសន្ទនាសម្រាប់តំបន់សហភាពអឺរ៉ុប-អាស៊ាន (E-READI) ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមផ្សេងៗ របស់អាស៊ាន។

អង្គប្រជុំ បានស្វាគមន៍ការចាប់ផ្តើមកិច្ចសន្ទនា លើការដឹកជញ្ជូនតាមសមុទ្រអាស៊ាន-សហភាពអឺរ៉ុប ស្តីពីការអនុវត្តអនុសញ្ញាពលកម្មតាមនាវាសមុទ្រ(MLC) ឆ្នាំ២០០៦ ដែលនឹងផ្តល់ឱកាសដល់ប្រទេសជាសមាជិកអាស៊ាន ក្នុងការផ្លាស់ប្តូរការអនុវត្តល្អៗ និងការរៀនសូត្រស្វែងយល់ពីបទពិសោធន៍របស់សហភាពអឺរ៉ុប ទាក់ទងនឹងការអនុវត្ត និងការដាក់ឱ្យអនុវត្តអនុសញ្ញាពលកម្មតាមនាវាសមុទ្រ(MLC) ឆ្នាំ២០០៦ ។ អង្គប្រជុំ បានទន្ទឹងរង់ចាំការចាប់ផ្ដើមសិក្សា ដើម្បីវាយតម្លៃស្ថានភាពនៃការអនុវត្ត អនុសញ្ញាពលកម្មតាមនាវាសមុទ្រ(MLC) ឆ្នាំ២០០៦ ក្នុងប្រទេសសមាជិកអាស៊ាន និងដើម្បីបង្កើតឡើងនូវអនុសាសន៍សម្រាប់ការអនុវត្តកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅមុខ។

អង្គប្រជុំ បានកត់សម្គាល់ដោយពេញចិត្ត នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន តាមរយៈការអនុវត្តប្រកបដោយជោគជ័យ នូវផែនការការងារភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន AJTP សម្រាប់ឆ្នាំ២០២០-២០២១ និងសមិទ្ធផលចំនួនពីរ (២) របស់ខ្លួនរួមមាន៖ (i) របាយការណ៍ ស្តីពីគោលគំនិតជាក់ស្តែង (PoC) លើដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការត្រួតពិនិត្យយានយន្តផ្ទុកលើសទម្ងន់ និង (ii) គោលការណ៍ណែនាំក្នុងការត្រួតពិនិត្យវិញ្ញាបនបត្រអាស៊ាន-ជប៉ុន ស្តីពីស្តង់ដារភ័ស្តុភារកម្មខ្សែច្រវាក់ត្រជាក់។ អង្គប្រជុំក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមថ្មី ស្តីពីការប្រើប្រាស់ទិន្នន័យទំហំធំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើចរាចរណ៍ ដែលស្ថិតនៅក្រោមផែនការការងារ AJTP សម្រាប់ឆ្នាំ២០២១-២០២២ ។

ជាមួយកូរ៉េ អង្គប្រជុំមានសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ ពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងសកម្មភាពនានា ដែលស្ថិតក្រោមផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ ឆ្នាំ ២០២១-២០២៥ ជាពិសេស ការអនុវត្តគម្រោងមួយចំនួន នៅក្រោមកម្មវិធីអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យា និងការគ្រប់គ្រងនៅឆ្នាំ២០២១ ។

ជាមួយសហរដ្ឋអាមេរិក អង្គប្រជុំបានស្វាគមន៍ចំពោះសំណើកិច្ចសន្ទនាជាផ្លូវការអាស៊ាន-អាមេរិក ស្តីពីការដឹកជញ្ជូន ដែលនឹងចាប់ផ្តើមនៅកម្រិតឧត្តមមន្រ្តីដឹកជញ្ជូន។ រដ្ឋមន្រ្តី បានទន្ទឹងរង់ចាំការអនុម័តលក្ខខណ្ឌយោង(TOR) និងផែនការការងារអាស៊ាន-អាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូន នៅឯកិច្ចសន្ទនាឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន-អាមេរិក លើកទី១ (ASEAN-U.S. STOD) នៅឆ្នាំ២០២២ ដែលនឹងលើកកម្ពស់និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-អាមេរិក កាន់តែស៊ីជម្រៅ ដោយគាំទ្រដល់ផែនការយុទ្ធសាស្ត្រដឹកជញ្ជូនគូឡាឡាំពួ(KLTSP) ២០១៦-២០២៥ ព្រមទាំងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

* កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៨

អង្គប្រជុំ បានយល់ព្រមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៨ នៅប្រទេសឥណ្ឌូនេស៉ីនៅឆ្នាំ២០២២ ។

ប្រតិភូមកពីប្រទេសជាសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ចំពោះការរៀបចំកិច្ចប្រជុំនេះបានដ៏ល្អ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online