ស្អែកនេះ វ៉ាក់សាំង Astrazeneca ចំនួន ៣២៤,០០០ដូសទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ នឹងមកដល់កម្ពុជា

(ភ្នំពេញ)៖ តាមផែនការដែលបានគ្រោងទុក នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំង Astrazeneca ចំនួន៣២៤,០០០ដូសបន្ថែមទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា។ ការមកដល់នូវវ៉ាក់សាំងតាមរយៈយន្ដការកូវ៉ាក់លើកនេះ ជាលើកទី៣ហើយ។

នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែង ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី យក់ សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «វ៉ាក់សាំង Astrazeneca ចំនួន៣២៤,០០០ដូស ពី COVAX Facility Round 3 នឹងមកដល់ថ្ងៃស្អែក ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅម៉ោង១៤៖៥៥នាទីរសៀល»។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណ៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះ មានអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈកូវ៉ាក់ផងដែរ។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាព ដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែង គ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

កម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសមួយឈានមុនគេក្នុងតំបន់អាស៊ាន ដែលទទួលជោគជ័យខ្លាំងលើផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ។

គិតត្រឹមយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,០៥១,៩២៥នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,០៥៦,០៩០នាក់

២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៩៩,១៩៩នាក់

៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៦៧,០១៨នាក់

៤៖ អាយុ៥ឆ្នាំ ២២៩,៦២៧នាក់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online