ឃាត់ខ្លួនជនជាតិថៃ៦៧នាក់ បញ្ជូនទៅស្រុកកំណើតវិញ ពាក់ពន្ធ័ការស្នាក់នៅ និងមកធ្វើការដោយខុសច្បាប់

បន្ទាយមានជ័យ: ជនជាតិថៃចំនួន ៦៧នាក់ ,ស្រី២៤នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងអាគារស្នាក់នៅ ៣កន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

ពិធីបញ្ជូនពលរដ្ឋថៃត្រឡប់ប្រទេស ត្រូវបានធ្វឡើងនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ព្រំដែនរវាងក្រុងប៉ោយប៉ែត និងស្រុកអារញ្ញ ក្រោមអធីបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ , លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យចំណុះផែនការងារអន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជាច្រើនរូប។ ភាគីថៃ ឯកឧត្តមអភិបាលខេត្តស្រះកែវ តំណាងស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ឯកឧត្តមអគ្គរងនគរបាលជាតិថៃ និងនគរបាលផ្នែកអន្តោប្រវេសន៍ថៃជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍បានមានប្រសាសន៍ថា ពលរដ្ឋថៃទាំង៦៧នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើទីតាំងចំនួន៤កន្លែងគឺ ១-ផ្ទះសំណាក់ម៉េងហួរ ភូមិសាមគ្គីមានជ័យ ២-អាគារស្នាក់នៅ ១៤០បន្ទប់ក្បែរបុរីសាន្តហូរ ៣-ផ្ទះល្វែងក្បែរបុរីសាន្តហូរ ៤-កាស៊ីណូប៉ូលី។ ជនជាតិថៃទាំងនោះភាគច្រើន គឺគ្មានលិខិតឆ្លងដែន និងមានលិខិតឆ្លងដែនផុតសុពលភាព ពួកគេបានមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ក្នុងក្រុងប៉ោយប៉ែត។

ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ថា ជនជាតិថៃទាំង៦៧នាក់ ក្នុងនោះស្រី២៤នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លង ទៅ ពាក់ពន្ធ័លួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងទឹកដីប្រទេសកម្ពុជា ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online