តម្លៃស្រូវឆ្នាំ២០២១ ប្រសើរជាងឆ្នាំមុន ខណៈការប្រមូលផលស្រូវរដូវវស្សា ក្នុងខេត្តរតនគិរី សម្រេចបានប្រមាណជាង៧០%

លោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តរតនគិរីមានប្រសាសន៍ថា៖ តម្លៃស្រូវ ឆ្នាំ២០២១ ប្រសើរជាងឆ្នាំមុន ខណៈការប្រមូលផលស្រូវ រដូវវស្សា ក្នុងខេត្តរតនគិរីសម្រេចបានប្រមាណជាង៧០%ហើយ។ការលើកឡើងរបស់ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តរតនគិរី រូបនេះ គឺក្នុងឱកាសលោកអញ្ជើញចុះស្វែងយល់ ពីការប្រមូលផលស្រូវរដូវវស្សារបស់កសិករនៅភូមិម៉ុយ ឃុំញ៉ាង ស្រុកអណ្តូងមាស កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២១។

លោកបន្តថា នៅទូទាំងខេត្តរតនគិរីនៅរដូវវស្សា ឆ្នាំ២០២១នេះ ខេត្តមានដាំដុះស្រូវស្រែ និងចំការប្រមាណជាង៣មុឺនហិកតា ក្នុងនោះស្រូវចំការ ជាង១មុឺនហិកតាដែលមកដល់បច្ចុប្បន្ននេះ ការប្រមូលផលបានជាង៧០% ហើយទិន្នផលជាមធ្យម បានជាង២តោន ក្នុង១ហិកតា ដូច្នេះទិន្នផលស្រូវឆ្នាំនេះមានប្រមាណ៦មុឺនតោន ដែលអាចផ្គត់ផ្គងទីផ្សារក្នុងខេត្តបានគ្រប់គ្រាន់ និងឈានដល់ការនាំចេញថែមទៀតផង។ ចំណែកតម្លៃស្រូវគឺក្នុង១គីឡូក្រាម ១,១០០រៀល ទៅ១,២០០រៀល បើប្រៀបធៀបឆ្នាំទៅតម្លៃមានការកើនឡើងបន្តិច។

លោកប្រធានមន្ទីរបន្តថាបច្ចុប្បន្នមានការរីកចំរើនជាមួយនឹងការកំណត់ នូវគោលនយោបាយកសិកម្មច្បាស់លាស់ ប្រែក្លាយជាវិស័យ នាំមុខមួយ ផ្តល់ថាមពលបន្ថែម ដល់កំណើនសេដ្ឋកិច្ច និងរួមវិភាគទានយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី ពិសេសកសិករ ក្នុងការបញ្ចូល នូវបច្ចេកវិទ្យាថ្មី នៃការដាំដុះ ការជ្រើសរើស និងប្រើប្រាស់ពូជ ការងារ ក្សេត្រសាស្ត្រ និងការប្រើប្រាស់ជីធម្មជាតិ។

លោក ចាង ជឺយាន ជាកសិករ១រូបនៅភូមិ ម៉ុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ដែលបានដាំដុះស្រូវលើផ្ទៃដីប្រមាណ ២៥៧ហិកតា បានរៀបរាប់ដោយក្តីសប្បាយរីករាយថាផលស្រូវរបស់លោកឆ្នាំនេះបានល្អប្រសើរដោយសារអំណោយទឹកភ្លៀងគ្រប់គ្រាន់។ លោកថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងនោះវិស័យកសិកម្ម ក៏មានការវិវឌ្ឍទៅតាមហ្នឹងដែរ ពោលគឺបច្ចុប្បន្នប្រជាកសិករបានប្រកបរបរកសិកម្មតាមបែបទំនើបស្ទើរគ្រប់ៗគ្រួសារអស់ហើយជាក់ស្តែងក្នុងផ្ទៃដីស្រែ២៥៧របស់លោក គឺប្រើប្រាស់ឧបករណ៍ទំនើបទាំងអស់ក្នុងការផលិត។ហើយគិតជាមធ្យមក្នុងផ្ទៃដីស្រែចំនួន២៥៧ហិកតានេះ លោកប្រមូលផលស្រូវបានចំនួនពី៥៥០ ទៅ៦០០តោន ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថា៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្ទៃដីបង្កបង្កើនផលក្នុងខេត្តរតនគិរី ពី១ឆ្នាំទៅ១ឆ្នាំ កាន់តែត្រូវបានពង្រីក និងបង្កើនរដូវដាំដុះ កត្តានេះបាន ធ្វើឲ្យបរិមាណផលិតផល មានការកើនឡើងជាបន្តបន្ទាប់ ធានាបានសន្តិសុខស្បៀង បង្កើនបានការនាំចេញកសិផល ដែលនេះបានបញ្ជាក់ឲ្យឃើញពី កាលានុវត្តភាពថ្មីមួយទៀត សំរាប់ជំរុញកំណើន សេដ្ឋកិច្ច របស់ខេត្ត បើទោះបីជួបនឹងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ក្តី តែរដ្ឋបាលខេត្ត បានចាត់ទុកវិស័យកសិកម្ម ជាមុខព្រួញសំខាន់ ក្នុងការ ទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជួយលើកស្ទួយគ្រួសារ ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋ បាននឹងកំពុងរងគ្រោះដោយសារវិបត្តិ នៃការរាតត្បាតពីជំងឺកូវីត-១៩៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online