រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរប្រមាណជាង២មុឺននាក់ បានមកលេងកម្សាន្ត ក្នុងខេត្តរតនគិរី ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក

ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគីរី លោក ងែ៉ត ពិទូ បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា រយៈពេល៣ថ្ងៃ (១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១) នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តរតនគិរី មានចំនួន២៤,៥៩៦នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២៤,៥៣៥នាក់។ ចំនួននេះមានការកើនឡើង២៥២.៥៣% ក្នុងនោះភ្ញៀវជាតិមានការកើនឡើង២៥៣.២៨%។ដោយឡែកភ្ញៀវអន្តរជាតិមានចំនួនតែ៦១នាក់ កើនឡើង៩០.៦៣%។ ខណៈឆ្នាំ២០២០ មានភ្ញៀវទេសចរសរុបចំនួន៦,៩៧៧នាក់ តែប៉ុណ្ណោះ។

លោកង៉ែត ពិទូ បន្តថាមានកត្តា៤យ៉ាង ដែលចំនួនភ្ញៀវមានការកើនឡើងគឺ៖

ទី១. បណ្តាលមកពីប្រទេសកម្ពុជា បើកដំណើរការអោយភ្ញៀវទេសចរធ្វើដំណើរចល័តបានពីកន្លែងមួយ ទៅកន្លែងមួយផ្សេងទៀតក្នុងប្រទេស។

ទី២. ផ្ទៃមេឃស្រលះល្អ បង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ធ្វើដំណើរកំសាន្ត ទៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ។

ទី៣. សន្តិសុខ និងសុវត្ថិភាព មានភាពល្អប្រសើរ។

ទី៤. ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីទីរួមខេត្ត ទៅតាមតំបន់រមណីយដ្ឋាន មានលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ។ ជាពិសេសក្រោមការដឹកនាំ និងរៀបចំដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម តែងតែយកចិត្តទុកដាក់ខ្ពស់ និងបំពាក់អំពូលLED តាមដងផ្លូវ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ក៏ដូចជាភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តក្នុងខេត្តរតនគិរី ទស្សនាកំសាន្តនូវទិដ្ឋភាពក្រុងបានលុងនាពេលរាត្រី។

ហើយនៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យនៅតាមវត្តអារ៉ាមនានាក្នុងខេត្ត បានរៀបចំពិធីអកអំបុក សំពះព្រះខែ និងមានការបង្ហោះគោមជាដើម ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនិងមានការបណ្ដែតប្រទីប នៅបឹងកន្សែង ក្នុងក្រុងបានលុងផងដែរ។

ប្រធាន មន្ទីរទេសចរណ៍ខេត្តរតនគិរីរូបនេះបន្ថែមថារយៈពេល៣ថ្ងៃនេះមន្ទីរ បានរៀបចំសេវាកម្មសំខាន់ៗដូចជា ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន សំរាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងល្អប្រសើរ និងបានសហការជាមួយកងកំលាំងប្រដាប់អាវុធ បានរៀបចំការពារសន្តិសុខ សុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ហើយភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងខេត្តបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាថែរក្សាអនាម័យ សំអាតបរិស្ថាន បានល្អជាប់ជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជំងឺកូវីដ-១៩ បើទោះបីជំងឺដ៏កាចសាហាវនេះមានការថមថយក្នុងប្រទេសយើងក៏ដោយ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online