ខេត្តសៀមរាប នៅតែជាខេត្តគោលដៅទេសចរណ៍ធំបំផុតលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ក្នុងអំឡុងពេលព្រះនៃព្រះរាជពិធីបុណ្យអុំទូក
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ ក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៩១០.១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩.៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០.២៨១នាក់ ខណៈរាជធានីភ្នំពេញ មានភ្ញៀវទេសចរចេញដើរកម្សាន្ត ចំនួន១៩៩.៨៣៥នាក់ ស្ថិតក្នុងលំដាប់ទី១ , ខេត្តសៀមរាបមានភ្ញៀវទេសចរចេញដើរកម្សាន្ត ចំនួន ១១៨.១៤៦នាក់ ស្ថិតក្នុងលំដាប់ទី២ និង ខេត្តព្រះសីហនុ មានភ្ញៀវទេសចរចេញដើរកម្សាន្ត ចំនួន១១១.៣២២នាក់ ស្ថិតក្នុងលំដាប់ទី៣ ។
ឯកឧត្ដម ថោង ខុន មានប្រសាសន៍ទៀតថា ចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃនេះ លើសពីរំពឹងទុក ក្នុងនោះកើនឡើងចំនួន ៥៤,៣៤ភាគរយ ធៀបនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២០ និងកើនឡើង ៣៦,៩២ភាគរយ បើធៀបភ្ញៀវពេលឈប់សម្រាកភ្ជុំបិណ្ឌ៣ថ្ងៃដូចគ្នា កាលពីដើមខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ហើយចរន្តភ្ញៀវដ៏ច្រើននេះ គឺបានមកពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាលក្នុងការដំណើរការ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ការបើកឡើងវិញនូវគោលដៅដែលមានការរៀបចំបានល្អក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ ពិសេសគោលដៅសៀមរាប-អង្គរ និងក្រុងព្រះសីហនុដែលបានកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពបានស្រស់បំព្រង ទាក់ទាញបានមកវិញនូវកំណើនភ្ញៀវទេសចរផ្ទៃក្នុង ស្របពេលដែលរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស ក៏បានបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី ជាពិសេសបើតាមការសង្កេតឃើញជារួមថា ចំពោះភ្ញៀវទេសចរ ពួកគាត់មានរីករាយ និងហាក់មានអារម្មណ៍ធូរស្រាលក្នុងចិត្តក្នុងការដើរកម្សាន្តបានពេញលេញ ពិសេសក្រោយពេលដែលបានចាក់វ៉ាក់សាំងបានពេញលេញ និងស្ថានភាពទូទៅកំពុងត្រលប់ទៅរកប្រក្រតីភាពថ្មីជាបណ្តើរៗ ។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍បន្ថែមថា រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍បានខិតខំក្នុងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងវិធានការ «៣កុំ និង ៣ការពារ» ក្នុងការទប់ស្កាត់កូវីដ-១៩ ដោយចាត់ក្រុមការងារជំនាញចុះអប់រំណែនាំផ្ទាល់ដល់គ្រប់មូលដ្ឋានអាជីវកម្ម ខណៈដែលបុគ្គលិកបម្រើការក៏ទទួលបានការចាក់វ៉ាក់សាំងពេញលេញផងដែរ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត កងកម្លាំងមានសមត្ថកិច្ច ពិតជាបានខិតខំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ស្របពេលចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់រាជធានី-ខេត្ត ។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរចំនួន១១៨.១៤៦នាក់ ដែលចេញដើរកម្សាន្តនៅខេត្តសៀមរាប ក្នុងរយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ មានភ្ញៀវជាតិមានចំនួនប្រមាណ ១១៧.០០០នាក់ ក្នុងនោះភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០ទៅ៨០ភាគរយ ស្មើនឹងប្រមាណជា ៨ម៉ឺនទៅ៩ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩.០០០នាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១២.៧០០នាក់ និង សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥.៣០០ នាក់ ៕
ប្រភព÷ មន្ទីរព័ត៌មានខេត្តសៀមរាប