ជនសង្ស័យ០៣នាក់ ត្រូវកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា ព្រួតគ្នាវាយបណ្តាលឲ្យរងរបួស និងប្លន់ម៉ូតូ ទូរស័ព្ទ

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១:១០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ នៅចំណុចកំពង់ដរមុខប៉ុស្តិ៍នគរបាលរដ្ឋបាល ពាមឆ្កោក ស្ថិតនៅឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីហិង្សាព្រួតគ្នាវាយបណ្តាលឲ្យរងរបួស និងប្លន់ម៉ូតូ ទូរស័ព្ទ ប្រព្រឹត្តនៅចំណុចព្រៃត្រែង ក្បែរសួនសត្វសាហ្វារី ផ្លូវបេតុង ក្រុម១៧ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩:៣០នាទី។

ជនរងគ្រោះឈ្មោះ ឆៃ គឹមលៀង ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១៨អា ផ្លូវលេខ២៣៤ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។ ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖

១- ឈ្មោះ ញឹម សាវីន ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ពហុកីឡាដ្ឋានមរតកតេជោ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

២- ឈ្មោះ ញឹម នៅ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ពហុកីឡាដ្ឋានមរតកតេជោ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៣- ឈ្មោះ ថន ស៊ីថា ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ពហុកីឡាដ្ឋានមរតកតេជោ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ហេតុការណ៏ៈ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩:៣០នាទី ជនសង្ស័យទាំងលើធ្វើដំណើរដោយថ្មើរជើងចេញពីសុំការងារធ្វើ នៅហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពេលដើរចេញមកដល់មុខហ្គ្រេនភ្នំពេញ ក៏បានជួបជនរងគ្រោះដែលជាមនុស្សប្រុស (ភេទទី៣) កំពុងជិះម៉ូតូម្នាក់ឯង ពេលនោះជនរងគ្រោះក៏បានបបួលជនសង្ស័យទាំងបីនាក់ ទៅរួមភេទជាមួយខ្លួន នៅចំណុចដីឡូតិ៍គ្មានលេខជិតហ្គ្រេនភ្នំពេញ ពេលនោះជនសង្ស័យទាំងបីនាក់ បានបបួលគ្នាធ្វើសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះ ហើយក៏ធ្វើជាយល់ព្រមរួមភេទជាមួយជនរងគ្រោះ ដោយជនសង្ស័យបានឲ្យជនរងគ្រោះដឹកពួកខ្លួនទាំងបីនាក់ ទៅកន្លែងពួកវាធ្វើការងារជាកម្មករសំណង់នៅការដ្ឋានពហុកីឡាដ្ឋានមរតកតេជោ ជនរងគ្រោះក៏យល់ព្រមដោយជិះម៉ូតូមួយបួននាក់ ហើយជនរងគ្រោះជាអ្នកបើក។

ពេលទៅដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះបានឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវ ហើយហៅជនសង្ស័យឈ្មោះ ថន ស៊ីថា ដើរចូលទៅក្នុងព្រៃត្រែងដើម្បីរួមភេទជាមួយខ្លួន ពេលទៅដល់ក្នុងព្រៃត្រែងជនរងគ្រោះបានស្រាតខោហើយហៅឈ្មោះ ថន ស៊ីថា រួមភេទជាមួយ ប៉ុន្តែជនសង្ស័យឈ្មោះ ថន ស៊ីថា ធ្វើជាមិនព្រមរួមភេទជាមួយជនរងគ្រោះទេ ហើយដើរចេញមកវិញ ហើយជនរងគ្រោះនៅក្នុងព្រៃត្រែងនោះតែម្នាក់ឯង ភ្លាមនោះជនសង្ស័យទាំងបីនាក់ បានដើរត្រឡប់ទៅរកជនរងគ្រោះវិញ ហើយជនសង្ស័យឈ្មោះ ញឹម សាវីន បានចាប់ដៃជនរងគ្រោះគ្រៀកទៅក្រោយ រួចបោកជនរងគ្រោះផ្តួលទៅលើដី ហើយជនសង្ស័យឈ្មោះ ញឹម នៅ និងឈ្មោះ ថន ស៊ីថា បាននាំគ្នាយកជើង ដៃ វាយទាត់ធាក់ទៅលើផ្ទៃមុខ និងដងខ្លួនជនរងគ្រោះបណ្តាលឲ្យរងរបួសបែកមុខ ហើយសន្លប់បាត់ស្មារតីតែម្តង។

បន្ទាប់មកជនសង្ស័យទាំងបីនាក់ បាននាំគ្នាឆែកលើខ្លួនជនរងគ្រោះយកបានសោម៉ូតូ និងទូរសព្ទ័ដៃ ម៉ាកអាយហ្វូន៦ រួចក៏រត់ចេញពីព្រៃត្រែង រួចជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់តែម្តង។ ចំណែកជនរងគ្រោះក្រោយពីដឹងខ្លួនពីសន្លប់ ក៏រត់ចេញពីព្រៃត្រែង ហើយបានជួបជាមួយអ្នកបើកបររថយន្ត ក៏ខ្ចីគេទូរសព្ទ័ហៅបងប្អូនបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ដើម្បីព្យាបាលរបួស។

ភស្តុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៣ ផ្លាកលេខ ភ្នំពេញ១F៥៦៥១ ជារបស់ជនរងគ្រោះ, ទូរសព្ទ័ដៃម៉ាកអាយហ្វូន៦ ពណ៌ទឹកប្រាក់ ចំនួន ០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online