ព្រះសីហនុជាខេត្តដំបូងគេ ដែលមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់លំដាប់ស្តង់ដារអន្តរជាតិ 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន អះអាងថា បច្ចុប្បន្ន មានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្តង់ដារពីប្រទេសអ៊ីស្រាអែល។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ក្នុងបរិមាណ៧.២០០ម៉ែត្រគូប មួយថ្ងៃ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានសមត្ថភាពក្នុងការដកយកកាកសំណល់ភាគល្អិតបំផុត និងសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ ដែលអាចធ្វើឱ្យទឹកមានសុវត្ថិភាពរហូតដល់៦០ភាគរយ មុននឹងបង្ហូចូលទៅក្នុងសមុទ្រ។

បើតាមការបញ្ជាក់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានដាក់ឱ្យដំណើរ ដោយស្ថានីយទី១ មានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងមួយថ្ងៃ បាន៥.២០០ម៉ែត្រគូប និងស្ថានីយទី២ មានសមត្ថភាពសម្អាតទឹកកខ្វក់បាន៧.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ឯកឧត្តម បន្តថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងទៀតនៅតំបន់ឆ្នេរអូរឈើទាល ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងបរិមាណ២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ក៏នឹងត្រូវសាងសង់ឡើងនាពេលខាងមុខនេះដែរ។

យោងតាមសេចក្តីព្រាងផែនការមេដែលសិក្សាដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនឯកជនមួយមកពីប្រទេសចិន បានប៉ាន់ប្រមាណថា បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នឹងមានបរិមាណប្រមាណ៤ម៉ឺន៧ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ៦ម៉ឺន៤ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្នបរិមាណនេះបានកើនដល់៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។

តាមផែនការមេនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុ ដែលបង្ហាញដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ បានឱ្យដឹងថា នៅឆ្នាំ ២០២១-២០២៣ នឹងត្រូវសាងសង់លូមេប្រវែង ៦៩គីឡូម៉ែត្រ លូមេរងប្រវែងជិត ៤០គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែងជាង ៩២គីឡូម៉ែត្រ ខណៈចន្លោះពីឆ្នាំ២០២៣-២០៣០ ស្ថានីយអាចនឹងពង្រីកសម្ថភាពប្រព្រឹត្តកម្មដល់ ៦ម៉ឺនម៉ែត្រគូប ឬ ៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ គម្រោងអភិវឌ្ឍន៍ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀងក្នុងក្រុងព្រះសីហនុនេះ គ្រោងចំណាយថវិកាសរុបជាង ១៧០លានដុល្លារអាមេរិក៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online