ជនខិលខូចដែលបានលួចយកកាក់ឌីជីថលរាប់លានដុល្លារត្រូវបានកាត់ទោស

កាលពីពេលថ្មីៗនេះក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកបានប្រកាសថា ជនខិលខូចទី៦ ដែលជាសមាជិករបស់ក្រុមវាយប្រហារ The Community ត្រូវបានកាត់ទោស ទាក់ទងទៅនឹងការលួចប្ដូសេវាកម្មទូរសព្ទ តាមរយៈការផ្លាស់ប្ដូរសុីមកាត (SIM swapping) ដើម្បីលួចយកកាក់ឌីជីថលរបស់ជនរងគ្រោះ ដែលមានចំនួនទឹកប្រាក់សរុបជាង ៥លានដុល្លារសហរដ្ឋអាមេរិក។

SIM swapping ឬ SIM hijacking គឺជាការលួចអត្តសញ្ញាណ ដែលជនខិលខូចបញ្ចុះបញ្ចូល បុគ្គលិករបស់ក្រុមហ៊ុនដែលផ្ដល់សេវាកម្មទូរសព្ទឱ្យផ្ទេរសេវាទូរសព្ទជនរងគ្រោះ ទៅកាន់ស៊ីមកាតក្រោមការគ្រប់គ្រងរបស់ពួកគេ ប៉ុន្តែពេលខ្លះទៀតការផ្ទេរសេវាទូរសព្ទនេះ ក៏អាចមានការចូលរួមពីបុគ្គលិករបស់ក្រុមហ៊ុនទូរសព្ទផងដែរ។ បន្ទាប់ពីផ្ទេរសេវាទូរសព្ទហើយ ពួកគេអាចស្នើសុំលេខសម្ងាត់ OTP ដើម្បីបញ្ជាក់អត្តសញ្ញាណតាមរយៈកម្មវិធី two-factor authentication (2FA) ដែលអាចពួកគេអាចចូលទៅក្នុងគណនីផ្សេងៗរបស់ជនរងគ្រោះបាន។

ជនល្មើស Garrett Endicott អាយុ២២ ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ខែ និងត្រូវបង់ប្រាក់ពិន័យចំនួនប្រមាណ ១២ម៉ឺនដុល្លារ ចំណែកឯជនល្មើស ៥នាក់ទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ២ទៅ៤ឆ្នាំ ដែលក្នុងនោះមានម្នាក់ជាជនជាតិអៀរឡង់ផងដែរ៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online