ជាទីបញ្ចប់ ព្រះ​បរមសពក្សត្រានរោត្តមរណឫទ្ធិស្តេចយាងនិវត្តន៍មកដល់មាតុភូមិ

ព្រះ​បរមសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវ​បាន​ ដង្ហែ​ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះរាជតំណាក់ ស្ថិតក្នុងផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។

រាជរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសសម្រេចយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចថ្វាយតបនូវព្រះគុណូបក្ការៈដ៏ធំធេង នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលពេញមួយព្រះជន្មព្រះអង្គ មានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

«ព្រះករុណាជាម្ចាស់ជីវិត និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យចំនួន ១២មុឺនដុល្លារ សម្រាប់រៀបចំពិធីបុណ្យព្រះសព សម្តេចក្រុមព្រះ»

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គចំនួន ១២មុឺនដុល្លារ (ព្រះករុណាជាម្ចាស់ជីវិត ចំនួន ២មុឺនដុល្លារ សម្តេចម៉ែ ចំនួន ១០មុឺនដុល្លារ) ជូនព្រះបុត្រាបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាប់រៀបចំពិធីបុណ្យព្រះសពរបស់ព្រះអង្គ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online