ទ្រីយ៉ាត្លុងបោះជំរំហ្វឹកហាត់ មុនប្រកួតជើងឯកថ្នាក់ជាតិ ២០២១

CAMSOC-ភ្នំពេញ៖ កម្មវិធីបោះជំរុំហ្វឹកហាត់កីឡាទ្រីយ៉ាត្លុងកម្ពុជាកំពុងដំណើរការពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែធ្នូ នៅខេត្តកែប ដើម្បីត្រៀមចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែប។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគូសបញ្ជាក់ថា ការបោះជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុងនេះ ទទួលបានការបង្វឹកពីគ្រូបង្វឹកជាតិ-អន្តរជាតិ ចំនួន ៣រូប គឺលោក Francisco ជនជាតិអ៊ីតាលី ជាអ្នកជំនាញផ្តល់ការបង្រៀនតាមប្រព័ន្ធអនឡាញ, លោក Derrick Murray ជនជាតិណូវែលសេឡង់ ជាគ្រូបង្វឹកជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា (បង្ហាត់ផ្ទាល់) និងគ្រូជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា លោក ចេង ចាន់ដារ៉ា ជាអ្នកជួយសម្របសម្រួល។ គោលដៅនៃការបោះជំរុំហ្វឹកហាត់នេះ គឺដើម្បីត្រៀមចូលរួមប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលគ្រោងធ្វើឡើងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែប។

អគ្គលេខាធិការរូបនេះបញ្ជាក់ថា ការបោះជំរុំហ្វឹហាត់នេះ ទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តាមរយៈអង្គការសាមគ្គីអូឡាំពិក (OS) និងក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ ជាទូទៅ សម្រាប់ការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសរបស់ក្រុមជម្រើជាតិ គឺសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា តែងតែស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រមូលផ្តុំហ្វឹកហាត់រយៈពេលវែង នៅខេត្តកែបនេះ សម្រាប់ការត្រៀមចេញទៅប្រកួតស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online