រថយន្តមួយគ្រឿងបានប្រលះម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់
កណ្តាល÷ ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១ និង៣០នាទី។ លេីកំណាត់ផ្លូវលំក្រាលកៅស៊ូលេខ១៥១ ស្ថិតក្នុងភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។ មានរថយន្តមួយគ្រឿងម៉ាក LEXUS RX350 ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 2D-6959 បេីកបរដោយឈ្មោះ ទូច សេងហួ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន)។
បើកបរមានទិសដៅពីជើង ទៅត្បូង លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA CUB C90 ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ភ្នំពេញ 1GH-1510 បើកបរដោយឈ្មោះ ពុំ មករា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រៃផ្ចឹក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល(មិនពាក់មួកសុវត្ថិភាព,ស្លាប់នៅកន្លែងកើតហេតុ)។ មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ មុត សុភា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រៃផ្ចឹក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល(មិនពាក់មួកសុវត្ថិភាព,រងរបួសធ្ងន់)។ ដែលបើកបរមានទិដៅពីត្បូង ទៅជើង(ផ្ទុយទិសគ្នា)។
ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ចំណែកឯវត្ថុតាងទាំងពីរត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។
សេចក្តីសន្និដ្ឋាន: ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក LEXUS RX350 ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 2D-6959 បើកបរខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើកបរចូលចំណែកផ្លូវយានម្ខាងទៀតដែលមានទិសដៅផ្ទុយគ្នា៕