សូមអបអរសាទរក្រុម ITC មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឈ្នះពានរង្វាន់ Best Idea Award
ក្រុម ITC មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឈ្នះពានរង្វាន់ Best Idea Award (ពានរង្វាន់ផ្នែកគំនិត) ក្នុងកម្មវិធីការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2021 តាមប្រព័ន្ធអនឡាញ កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដែលការប្រកួតប្រជែងនេះមានការចូលរួមពីចំនួន២១ក្រុម មកពី១១ប្រទេស ប្រកួតលើវិញ្ញាសាគប់ព្រួញចូលថូ។
ពានរង្វាន់ផ្នែកគំនិត គឺជាពានរង្វាន់កិត្តិយស ត្រូវបានផ្តល់ពិន្ទុដោយគណៈកម្មការ លើភាពថ្មី និងប្លែកលើបច្ចេកទេសក្នុងការផលិតរ៉ូបូតចូលរួមប្រកួតប្រជែង ក្រៅពីពានរង្វាន់ការប្រកួតចំពោះវិញ្ញាសា។ ដោយសារវិបត្តិជំងឺកូវីដ១៩ ការប្រកួតត្រូវធ្វើឡើងក្នុងវិធីសាស្រ្តប្រកួតនៅទីលានរៀងៗខ្លួន ដោយតភ្ជាប់នឹងប្រព័ន្ធវីដេអូ។
ជាលទ្ធផល វិទ្យាស្ថានបច្ចេកវិទ្យា Sepuluh Nopember មកពីប្រទេសឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ១ ចំណែកវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាម៉ុងហ្គោលី ទទួលបានចំណាត់ថ្នាក់លេខ២។ សម្រាប់កម្ពុជាយើង មានក្រុមចូលរួមចំនួន២ ដោយក្រុម NPIC នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១២ រីឯក្រុម ITC វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៩ ក៏ពិតមែន តែក៏បានទទួលពានរង្វាន់ផ្នែកគំនិតផងដែរ។ ក្រុមកម្ពុជាមានចំណាត់ថ្នាក់ខ្ពស់ជាងក្រុមមួយចំនួនមកពី ជប៉ុន ចិន ហុងកុង និងថៃ។
គួររំលឹកថា នេះជាលើកទី៥ ដែលទូរទស្សន៍ជាតិកម្ពុជា បានបញ្ជូនក្រុមរ៉ូបូតចូលរួមប្រកួតអន្តរជាតិ។ ក្រុមរ៉ូបូតកម្ពុជា តែងតែវិវត្តខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ហើយតែនាំយកពានរង្វាន់ជូនជាតិស្ទើរមិនដែលខាន។ ក្រោយចប់ការប្រកួតអន្តរជាតិ ទូរទស្សន៍ជាតិកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២១ ដោយផ្ទាល់ ក្រោយពីការពន្យារពេលដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមវិញ្ញាសាគប់ព្រួញចូលថូដូចគ្នា៕