ការអនុវត្តគម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត ដែលបច្ចុប្បន្ននេះសម្រេចបាន៨៩.៤%ហើយ

ឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានចុះពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត នៅថ្ងៃទី១៣ ធ្នូ ២០២១ ។

ឯកឧត្តមបានអោយដឹងថា សាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត ដែលបច្ចុប្បន្ននេះសម្រេចបាន៨៩.៤%ហើយ ខណៈគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតរបស់កម្ពុជា នឹងក្លាយជាមេដែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត នេះបើតាមការលើឡើងរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅពេលចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែជាមួយថ្នាក់ដឹកនាំខេត្តកំពត នៅស្រុកទឹកឈូ ខេត្តកំពតកាលពីពេលថ្មីៗនេះ។យោងតាមក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ការសាងសង់កំពង់ផែអន្តរជាតិកំពតបានចាប់ផ្តើមនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នសម្រេចបានប្រមាណ ៨៩ភាគរយហើយ។

ការស្ថាបនាកំពង់ផែទេសចរណ៍អន្តរជាតិកំពតគឺជាហិរញ្ញប្បទានរបស់ ធនាគារ ADB ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពនៅក្នុងមហាអនុតំបន់មេគង្គ (GMS) ។

កំពង់ផែអន្តរជាតិនេះ នឹងក្លាយជាច្រកចូលសមុទ្រអន្តរជាតិដ៏សំខាន់មួយ ដែលតភ្ជាប់ផ្នែកឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេស និងខេត្តកំពតទៅកាន់ពិភពលោក។

នៅពេលរួចរាល់វាមានសមត្ថភាព ទទួលអ្នកដំណើរនិងអ្នកទេសចរប្រមាណ ១លាននាក់។

អត្ថិភាពនៃកំពង់ផែនេះនឹងលើកស្ទួយ វិស័យទេសចរណ៍របស់កម្ពុជាបន្ថែមទៀត ជាពិសេស រមណីយដ្ឋានបូកគោ ក្នុងខេត្តនិងទិសដៅតំបន់ឆ្នេរផ្សេងទៀត៕