ព្រះវិហារមួយកន្លែងនៅស្រុកកែវសីមា រងការខូចខាតទាំងស្រុង ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ

មណ្ឌលគិរី៖ ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ០៩និង១៥នាទី មានករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលអោយឆេះព្រះវិហារ(វត្ត)មួយកន្លែងធ្វើអំពីឈើដំបូលប្រក់ស័ង្កីដែលមានទំហំ ៧×១៥ម៉ែត្រ វត្តដែលអគ្គិភ័យត្រូវបានឆាបឆេះហៅវត្តខេមរៈបញ្ញារាម ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

តបតាមសង្ឃដិការបស់ព្រះតេជគុណព្រះនាម ប៉ែន ចិត បានអោយដឹងថា÷ ដំបូងឡើយភ្លើងបានឆាបឆេះពីគុដលោកគ្រូចៅអធិការមក។ ករណីអគ្គិភ័យខាងលើនេះគឺបណ្ដាលមកពីភ្លើងទៀនដែលបានបង្កជាគ្រោះអគ្គិភ័យកើតឡើង។

ក្នុងករណីគ្រោះអគ្គិភ័យខាងលើបណ្តាលអោយឱ្យខូចខាតនូវសម្ភារៈមួយចំនួនដូចខាងក្រោម÷ បច្ច័យកសាង ៨.០០០.០០០ លានរៀល, អង្ករចំនួន ១៥បេ ស្មើនិង ១.៣០០.០០០រៀល, ព្រះពុទ្ធរូប ៣អង្គ, ត្រៃលាង ២១ធំពីតូច ១៩ ស្មើនិង ២.០០០.០០០រៀល និងសម្ភារៈមួយចំនួនទៀតស្មើនិង ៥.៥០០.០០០រៀល។ សរុបអស់ទឹកប្រាក់ចំនួន ១៦.០០០.០០០រៀល

សូមបញ្ជាក់ផងដែរថាក្នុងករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់ព្រះសង្ឃឡើយ និងបានប្រើប្រាស់រថយន្តទឹកបាញ់ពន្លត់អស់ចំនួនពីរគ្រឿងទើបគ្រប់គ្រងស្ថានការរលត់បានទាំងស្រុង៕