ក្រសួងសាធារណការ៖ កាមេរ៉ាចាប់ល្បឿនទាំងនេះអាចឲ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងផ្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរ

នៅថ្ងៃពុធ ១១កើត ខែ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ បានដឹកនាំគណៈប្រតិភូ ដែលរួមមានថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ តំណាងក្រុមហ៊ុន CBRC និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារកាមេរ៉ាចាប់ល្បឿន ដើម្បីដាក់ដំណើរការសាកល្បងចាប់ពីពេលនេះតទៅ។

កាមេរ៉ាចាប់ល្បឿនទាំងនេះអាចឲ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងផ្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរ ក្នុងគោលបំណងតាមដាន និងការពារសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣។

គួរបញ្ជាក់ថា ការបំពាក់កាមេរ៉ាចាប់ល្បឿន និងភ្លើងសញ្ញាចរាចរណ៍ឆ្លាតវៃលើផ្លូវជាតិលេខ៣ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក ក្រោមការចង្អុលបង្ហាញរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក។ កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំងត្រូវបានចាប់ផ្តើមដំឡេីងពី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ក្នុងនោះពីចោមចៅ ដល់បែកគូស ជាផ្លូវ ៤គន្លង មានចំនួន ៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ នឹងដាក់សម្ពោធប្រេីប្រាស់ផ្លូវការ នៅខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ហើយមានបំពាក់កាមេរ៉ាចាប់ល្បឿន ១០ទីតាំង ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូង ដែលដាក់ឱ្យប្រើប្រាស់លើផ្លូវជាតិ និងជាយន្តការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការខូចខាតផ្លូវសាធារណៈ ដែលនាំឱ្យខាតបង់ថវិកាជាតិ និងប៉ះពាល់ដល់អាយុជីវិតអ្នកធ្វើដំណើរ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online