អភិបាលខេត្តកំពតចាប់ផ្តើមលេងធម៌ក្តៅទៅលើអ្នកដែលរំលោភបំពានយកចំណីព្រែក ឬដីព្រែក

ភ្នំពេញ៖ អភិបាលខេត្តកំពតចាប់ផ្តើមលេងធម៌ក្តៅទៅលើអ្នកដែលរំលោភបំពានយកចំណីព្រែក ឬដីព្រែក ដោយមិនទុកអ្នកទាំងនោះឱ្យក្លាយជាសំរាមបាំងបិទដែលធ្វើឱ្យពលរដ្ឋដ៏ច្រើនលើសលប់រិះគន់នោះទេ។ ចំពោះអ្នកដែលផ្គើននឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។ ឯកឧត្តមអភិបាលខេត្តកំពតបានបង្ហើបថា មានមនុស្ស ៥ ទៅ៦នាក់ ដែលកំពុងបំពានកាន់កាប់ដីចំណីព្រែក។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ ក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី១៥ខែធ្នូថា កន្លងមកមានក្រុមហ៊ុន និងបុគ្គលមួយចំនួនបានចាក់ដីលើចំណីព្រែក និងចូលព្រែកដោយបំផ្លាញនូវធនធានធម្មជាតិ ដូចជាព្រៃកោងកាងបំណងយកធ្វើជាកម្មសិទ្ធិ។ រដ្ឋបាលខេត្តបានចាត់វិធានការមួយចំនួនរួចមកហើយ ចំពោះអ្នកផ្គើននឹងសេចក្តីជូនដំណឹង។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ព្រែកកំពង់បាយដែលនៅចំកណ្តាលនៃក្រុងកំពត ឯកឧត្តមនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ព្រោះមិនអាចនរណាយកទ្រព្យសម្បត្តិរបស់ជាតិដ៏មានតម្លៃនេះទៅប្រើប្រាស់ជាលក្ខណៈឯកជនបានទេ។ រដ្ឋបាលខេត្តនឹងបង្ក្រាបចំពោះក្រុមហ៊ុន ឬបុគ្គលណាដែលបំពានច្បាប់ដោយពុំយោគយល់ ឬលើកលែងបានឡើយ។ អ្នករស់នៅតាមបណ្តោយព្រែកត្រូវកាត់ដីចំណីព្រែកតាមច្បាប់កំណត់ដែលមន្ត្រីជំនាញបានចុះវាស់វែង និងណែនាំរួច។ កិច្ចការងារដ៏មានសារៈសំខាន់ទាំងនេះ រដ្ឋបាលខេត្តត្រូវការចាំបាច់នូវការអនុម័តពីក្រុមប្រឹក្សាខេត្ត។ ម្យ៉ាងទៀតពេលចុះអនុវត្តជាក់ស្តែងតម្រូវឱ្យមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងនៅគ្រប់ទីតាំងល្មើសច្បាប់ទាំងអស់។

ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ទៀតថា ផ្អែកតាមការចុះពិនិត្យ និងការទទួលព័ត៌មានច្បាស់ការ អ្នកដែលកំពុងបំពានកាន់កាប់ដីចំណីព្រែកមានប្រហែល៥ទៅ៦នាក់ប៉ុណ្ណោះ។ ដូច្នេះរដ្ឋបាលខេត្តមិនអាចទុកអ្នកទាំងនោះក្លាយជាសំរាមបាំងបិទដែលធ្វើឱ្យពលរដ្ឋដ៏ច្រើនលើសលប់រិះគន់នោះទេ។ និយាយរួម ត្រូវតែលាងជម្រះភាពល្អក់កករឱ្យអស់ពីក្នុងកែវភ្នែកដើម្បីប្រយោជន៍មនុស្សទូទៅ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online