រាជរដ្ឋាភិបាល បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅតំបន់សេនដៃ ប្រទេសជប៉ុន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅតំបន់សេនដៃ ប្រទេសជប៉ុន។

ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់ថា «ត្រូវបានបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាមួយ នៅតំបន់សេនដៃ ប្រទេសជប៉ុន ហៅថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាសេនដៃ។ ព្រំដែនមណ្ឌលការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាសេនដៃ ត្រូវបានកំណត់តាមព្រំដែនតំបន់សេនដៃ ប្រទេសជប៉ុន»។

សូមជំរាបថា ការបង្កើតការិយាល័យតំណាងសភាពាណិជ្ចកម្មកម្ពុជា នៅប្រទេសជប៉ុន ជាគំនិតផ្តួចផ្តើមមួយរបស់លោក SUSUMU TAI កុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំទីក្រុង Sendai ប្រទេសជប៉ុន។ តាមរយៈការងារនេះ ក្នុងនាមលោកជាកុងស៊ុលកិតិ្តយសរបស់ប្រទេសកម្ពុជា នឹងប្ដេជ្ញាជំរុញសន្ទុះពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើឡើង។

ព្រមពេលជាមួយគ្នានេះ លោក SUSUMU TAI បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលលោកបានសម្រេចអនុញ្ញាតឲ្យបើកការរិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសជប៉ុន ហើយលោកក៏សូមអរគុណដល់ក្រសួងដែលពាក់ព័ន្ធ ដែលបានចូលរួមសហការអស់ពីកម្លាំងកាយចិត្ត៕