ឯកឧត្តមបណ្ឌិត ថោង ខុន បង្ហាញរបាយការណ៍លម្អិតពីវិមានកីឡដ្ឋាន
CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានបង្ហាញរបាយការណ៍លម្អិតនូវសំណង់ ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡាដ្ឋាន ការរាប់ថយក្រោយ៥០២ថ្ងៃ និងការប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ SEA GAMES-ASEAN PARA GAMES ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងដោយគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ យុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ» ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ១,១ប៊ីលានយ័ន ត្រូវនឹងប្រមាណ ១៥០លានដុល្លារ អាមេរិក។ សំណង់នេះសាងសង់លើផ្ទៃដីទំហំ ១៦,៤ ហិកតា ផ្ទៃក្រឡាសំណង់ អគារ ៨៦,០០០ ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន៦ម៉ឺននាក់។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្ដទៀតថា វិមានកីឡដ្ឋាននេះ សាងសង់ឡើងក្រោមទស្សនទានប្រជាសាស្រ្ដជាធំ ដែលជាគោលដៅបម្រើសុខុមាលភាព សោភ័ណភាព រក្សាប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានកម្រិតខ្ពស់។ ក្នុងនោះ ធាតុផ្សំនៃអរិយធម៌ខ្មែរដ៏សម្បូរបែប ត្រូវបានដាក់ជាធាតុចូលដ៏សំខាន់ក្នុងរូបភាពសំណង់ទាំងមូល ដូចជា៖ រូបរាងសំពៅ និមិត្តរូប ដៃ សំពះ ដែលមានក្នុងរចនាបថសំណង់ស្ថាបត្យកម្មខ្មែរ បាននិម្មិតចេញ ជាទស្សនីយភាពថ្មី ប្លែក និងអស្ចារ្យ។ ប៉មខ្ពស់ទាំងពីរ ដែលមានកម្ពស់ ៩៩ម៉ែត្រ ជាសក្ខីភាពនៃថាមពលដ៏រឹងមាំនៃស្មារតីមិត្តភាព សាមគ្គីភាព និងសន្តិភាពជាអមតៈលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ជាងនេះទៀត វិមានកីឡដ្ឋានដ៏មហាអស្ចារ្យនេះ បានសាងសង់ឡើងក្នុងកម្រិតស្តង់ដារសុវត្ថិភាពខ្ពស់ ពោលគឺអាចជម្លៀសមនុស្ស៦ម៉ឺននាក់ ចេញពីវិមានកីឡដ្ឋាន ក្នុងករណីមានហានិភ័យកើតឡើងជាយថាហេតុ ដោយប្រើរយៈពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ។ វិមានកីឡដ្ឋាននេះ មានច្រកទ្វារចំនួន ៥៤សម្រាប់ចេញ-ចូលទៅទស្សនាកីឡា មានបន្ទប់ទឹក៩៣តំបន់ ស្មើនឹង ៨៦៣បង្គន់អនាម័យ។
ឯកឧត្ដមបណ្ឌិតបានចាត់ទុកថា ពិធីសម្ពោធវិមានកីឡដ្ឋានដ៏ស្កឹមស្កៃមហាអស្ចារ្យនេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជានិម្មិតរូបនៃមិត្តដែកថែប រវាងប្រទេសយើងទាំងពីរ និងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន។ ឯកឧត្ដមបានលើកឡើងថា សមិទ្ធផលដ៏ល្អប្រណីត ដែលជាជំនួយហិរញ្ញប្បទានឥតសំណងដ៏ធំ និងដំបូងបង្អស់នៅអាស៊ី របស់មហាមិត្តចិននាពេលនេះ គឺជាចំណងដៃដ៏ពិសិដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងប្រជាជនចិន ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជា សម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games 2023 ខាងមុខ។
ក្រោយព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023 វិស័យកីឡាកម្ពុជា ពិតជានឹងឈានចូលក្នុងរបត់ថ្មីមួយនៃការអភិវឌ្ឍប្រកបដោយគុណផលកីឡាខ្ពស់ និង មានឧត្តមភាពលើឆាកអន្តរជាតិ។ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍-Olympic Council of Asia (OCA) ក្រោមការគាំទ្ររបស់គណ:កម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចយល់ព្រម និងអនុញ្ញាតឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ (Asian Youth Games 2029 AVG 2029) តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ «ក្នុងនាមចលនាអូឡាំពិក និងមហាគ្រួសារកីឡាជាតិ ខ្ញុំបាទសូមសម្តែងនូវការដឹងគុណដ៏ជ្រៀលជ្រៅបំផុត ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះការលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ថោង ខុន។
ឯកឧត្តមបណ្ឌិត ថោង ខុន បានប្ដេជ្ញាចិត្តបន្តកិច្ចសហការដ៏រឹងមាំជាមួយនិងភាគីមិត្តចិន និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីគ្រប់គ្រងថែរក្សានូវសមិទ្ធផលដ៏មហាអស្ចារ្យនេះ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យកីឡាជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងសម្រាប់យុវជនជំនាន់ក្រោយ៕