សហរដ្ឋអាមេរិកអាចនឹងចាត់តាំងរុស្ស៊ីជា “អ្នកឧបត្ថម្ភរដ្ឋនៃអំពើភេវរកម្ម” ប្រសិនបើទីក្រុងម៉ូស្គូវាយប្រហារលើអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកបានណែនាំច្បាប់ ដើម្បីផ្តល់ការគាំទ្រផ្នែកយោធាបន្ថែមដល់អ៊ុយក្រែន ដោយស្នើឱ្យចាត់តាំងប្រទេសរុស្ស៊ីជា “អ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម” ប្រសិនបើទីក្រុងម៉ូស្គូវាយប្រហារយ៉ាងចាស់ដៃទៅលើអ្នកជិតខាងរបស់ខ្លួន។

សមាជិកសភាគណបក្សសាធារណៈរដ្ឋចំនួន ៨នាក់បានដាក់ច្បាប់នេះ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយដាក់ឈ្មោះវាថា ច្បាប់ GUARD ដែលតំណាងឱ្យការធានាស្វ័យភាពរបស់អ៊ុយក្រែន​ ដោយការពង្រឹងការការពាររបស់ខ្លួន។ ច្បាប់ដែលបានស្នើឡើងរួមមានវិធានការជាច្រើនដែលបានរចនាឡើង ដើម្បីគាំទ្រដល់ទីក្រុងគៀវ រួមទាំងការអនុញ្ញាតឱ្យផ្តល់ហិរញ្ញប្បទានយោធាបរទេសចំនួន ៤៥០លានដុល្លារក្នុងឆ្នាំ ២០២២ និងការសន្យាថា នឹងចាត់តាំងប្រទេសរុស្ស៊ីជា “អ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម” ក្នុងករណីមានការឈ្លានពាន។ សេចក្តីព្រាងច្បាប់នេះក៏រួមបញ្ចូលផងដែរ នូវការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងគម្រោង Nord Stream 2 ដែលជាបំពង់បង្ហូរឧស្ម័នទើបសាងសង់ថ្មី ដែលនឹងនាំយកឧស្ម័នពីរុស្ស៊ីទៅកាន់អឺរ៉ុបតាមរយៈសមុទ្របាល់ទិក។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានចោទប្រកាន់រុស្ស៊ីថា បានដាក់ពង្រាយកងកម្លាំងយោធា ក្នុងទ្រង់ទ្រាយធំរហូតដល់ទៅ ១០ម៉ឺននាក់ នៅតំបន់ជាប់ព្រំដែនអ៊ុយក្រែន ដែលជាការរៀបចំត្រៀមឈ្លានពាន។ ប៉ុន្តែទីក្រុងម៉ូស្គូបានអះអាងតបវិញថា នេះជាចំណាត់ការដើម្បីការពារខ្លួនប៉ុណ្ណោះ៕