គ្រោះអគ្គិភ័យមួយបានកេីតឡេីង ដោយសារតែការឆ្លងចរន្តអគ្គីសនី បានបង្កជាអគ្គិភ័យឆាបឆេះក្រុមហ៊ុន ហាវ៉ាស់រីវេីអឃីត និងសម្ភារៈអស់ទាំងស្រុង
គ្រោះអគ្គិភ័យមួយបានកេីតឡេីង ដោយសារតែការឆ្លងចរន្តអគ្គីសនី បានបង្កជាអគ្គិភ័យឆាបឆេះក្រុមហ៊ុន ហាវ៉ាស់រីវេីអឃីត និងសម្ភារៈអស់ទាំងស្រុង នាវេលាម៉ោង ១៨និង៤៥នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ស្ថិតនៅចំណុចផ្ទះលេខ២៥អា ផ្លូវ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់ឃ្លាំងចំនួនមួយ និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុងផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ឌុច លីដេ ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ ប្រធានផ្នែកផ្សព្វផ្សាយ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះថ្មបេតុងប្រក់ស័ង្កសី ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ, ឃ្លាំងស្តុកទុកសម្ភារៈបម្រេីការងារថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្ម ទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រ អស់ចំនួន ១ឃ្លាំង និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់ ២៥ឡាន ស្មើរនឹង ១០០ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ១២ម៉ែត្រ, រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ១២ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ២០និង០០នាទីនាថ្ងៃដដែរ៕