ជប៉ុនផ្តល់ជំនួយឥតសំណងជិត៣០ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារសិក្សា និងការស្តារប្រព័ន្ធធារាសាស្ត្រនៅជនបទកម្ពុជា

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយជាថវិកាចំនួន ២៨០,៣៧៨ ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារសិក្សា និងការស្តារប្រព័ន្ធធារាសាស្ត្រ ដល់អង្គភាពទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណ៌)។

កិច្ចសន្យាផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមវត្តមាន លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំង៣ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

ទី១៖ គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យអូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (ថវិកាចំនួន ៩៨,៣១៧ ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី។

ក្នុងគម្រោងនេះ អគារសិក្សា១ខ្នង ចំនួន៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមថ្នាក់រៀន បង្គន់អនាម័យចំនួន៤បន្ទប់ និងស៊ីទែនទឹកចំនួន១ នឹងត្រូវបានសាងសង់នៅអនុវិទ្យាល័យអូរយ៉ាដាវ ក្នុងខេត្តរតនគិរី។ នៅសាលានេះសិស្សដែលភាគច្រើនជាជនជាតិភាគតិច សិក្សាក្នុងថ្នាក់រៀនដែលមានគ្នាច្រើនកកកុញ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធសាលា ដែលអាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ការគ្រប់គ្រងថ្នាក់រៀន និងការជម្រុញទឹកចិត្តក្នុងការសិក្សា។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន៤៥៥ នាក់ និងគ្រូបង្រៀនចំនួន១៥នាក់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសិក្សា និងគុណភាពនៃការអប់រំ។

ទី២៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាអូរឬស្សីលើ១ និងសាលាបឋមសិក្សាអូរឬស្សីលើ២ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង (ថវិកាចំនួន៩១,៥៦៦ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង

ក្នុងគម្រោងនេះ អគារសិក្សា១ខ្នង ចំនួន៣បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមថ្នាក់រៀន និងស៊ីទែនទឹកចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាអូរឬស្សីលើ១ ហើយអគារសិក្សា១ខ្នង ចំនួន៣បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមថ្នាក់រៀន បង្គន់អនាម័យចំនួន ១បន្ទប់ និងទែនទឹកចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាអូរឬស្សីលើ២ ក្នុងខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន សិស្សដែលជាជនជាតិភាគតិចនៅសាលាទាំងពីរនេះ មានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាចាស់សង់ពីឈើមានសភាពទ្រុឌទ្រោម។ គម្រោងនេះនឹងធានាបាននូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន២០១នាក់ និងគ្រូបង្រៀនចំនួន៨នាក់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំ។

ទី៣៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រអូរសំបួរក្នុងខេត្តកំពង់ស្ពឺ (ថវិកាចំនួន៩០,៤៩៥ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ

ជំនួយឥតសំណងនេះ នឹងត្រូវបានប្រើសម្រាប់ស្តារឡើងវិញនូវទំនប់ទឹកចាស់មួយដែលមានស្រាប់ និងលូប្រអប់ចំនួន២កន្លែង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ ជាង៣,៣០០នាក់ តាមរយៈការធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកដែលមានស្ថេរភាពសម្រាប់ការរស់នៅ និងសកម្មភាពកសិកម្មនានា។

គម្រោងនេះនឹងបង្កើនបរិមាណផលិតផលកសិកម្ម និងប្រាក់ចំណូលរបស់ប្រជាកសិករ ហើយក៏នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋផងដែរ។ ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានាដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦៤លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណ៌ ចំនួន៦៥១គម្រោង នៅទូទាំងប្រទេសកម្ពុជា។

បើតាមលោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តកម្មវិធីគូសាណូណ៌នៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។

គូសាណូណ៌ មានន័យថា «ឬសស្មៅ» ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦៥០ តាមរយៈជំនួយឥតសំណងគូសាណូណ៌៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online