ជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក (ប្រាំមួយរយដុល្លារអាមេរិក) ជាថ្នូរទៅនឹងការមិនចុះផ្សាយព័ត៌មាន។ ចំណែកជនរងគ្រោះឈ្មោះ នាក់ គន្ធា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អ្នកគ្រប់គ្រងហាងកាហ្វេ V88 ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនរួមាន៖
១- ឈ្មោះ ឆុំ ដានី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ កងមាស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឺងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២- ឈ្មោះ អ៊ុន ចាន់ថា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅ-ញ៉ូវ ស្នាក់នៅផ្ទះលេខ១១០ ផ្លូវលេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ភស្តុតាងចាប់យក៖ ប្រាក់ដុល្លារចំនួន ៦០០ដុល្លារអាមេរិក។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕