ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំនេះ នឹងរៀបចំនៅសហគមន៍ព្រៃឈើចង្ក្រានរយ ព្រមគ្នានឹងក្រុងសៀមរាប

បន្ទាប់ពីកិច្ចប្រជុំ ការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ២០២១ ឈានចូល ២០២២ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបង្កើតកម្មវិធីចំនួន២ នៅក្នុងក្រុងសៀមរាប និងនៅសហគមន៍ព្រៃឈើចង្ក្រានរយនៃស្រុកវារិន ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលថ្មីមួយទៀត ក្រៅពីប្រាសាទ។

ក្រោមការដឹកនាំកិច្ចពិភាក្សាដោយផ្ទាល់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប រួមនិងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ គ្រោងនឹងបង្ហាញតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញរបស់ខេត្ត ក៏ដូចជាការត្រៀមខ្លួនរួចរាល់ សម្រាប់ទទួលទេសចរគ្រប់ជាតិសាសន៍ ក្រោមការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាធានាសុវត្តិភាព (៣កាពារ ៣កុំ) ដើម្បីចៀសផុតពីការឆ្លងនិងការចំលងជំងឺកូវីដ-១៩។

គោលដៅចំនួន២នៃកិច្ចប្រជុំនេះ គឺការរៀបចំពិធីឆ្លងឆ្នាំសកលនៅក្នុងក្រុងសៀមរាប ដោយជ្រើសរើសយកទីតាំងសួនច្បារព្រះរាជដំណាក់ និងផ្សារភ្ជាប់ជាមួយគោលដៅមួយទៀត គឺនៅសហគមន៍ព្រៃឈើចង្ក្រានរយ នៃស្រុកវារិន។ ជាការកត់សម្គាល់ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋភិបាលកម្ពុជា បានបញ្ចេញផ្ញើសារជាសំឡេងជូនជនរួមជាតិ ស្តីពីប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ កាលពីថ្ងៃទី២០ធ្នូ កន្លងទៅថ្មីៗនេះ។

អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា លើកឡើងថា សម្បត្តិធម្មជាតិនៃសហគមន៍ព្រៃឈើចង្ក្រានរយ គឺជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញក្រៅពីប្រាសាទ។ ហើយការចូលរួមរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល និងការមកទស្សនាបន្តទៅថ្ងៃអនាគត នៅតំបន់ព្រៃធម្មជាតិនេះ គឺពិតជាក្តីសង្ឃឹម ក្នុងការជួយដល់សេដ្ឋកិច្ចសង្គម និងជីវភាពប្រជាជនក្នុងតំបន់នេះ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវផងដែរថា៖

លោក ឡាយ គឹមសួរ ប្រធានកិត្តិយសសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប បានបង្ហាញនូវការចាប់អារម្មណ៍ថា៖ យោងតាមស្ថានភាពបច្ចុប្បន្ននេះ ទំនោរនៃការដើរកម្សាន្តរបស់ប្រជាជនខ្មែរ ឃើញមានការកើនឡើង ក៏ប៉ុន្តែដោយសារកូវីដ-១៩ ស្ថានភាពភាពនៃដំណើរកម្សាន្តក៏មានការផ្លាស់ផងដែរ ដូច្នេះភ្នំចង្ក្រានរយគឺជាតំបន់អេកូទេសចរណ៍ ដែលភ្ញៀវជាតិនិងអន្តរជាតិមានការចាប់អារម្មណ៍។

លោកក៏បានបង្ហាញឱ្យដឹងនៅក្នុងបទសម្ភាសន៍ដែរថា គម្រោងនៃការរៀបចំពីធីឆ្លងឆ្នាំថ្មី ឆ្នាំសកល ( ២០២១-២០២២ ) នៅសហគមន៍ព្រៃឈើចង្ក្រានរយ គឺស្ថិតក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយនេះ ដែលកម្មវិធីឆ្លងឆ្នាំនេះ ស្ថិតក្រោមកិច្ចសហការគាំទ្រដោយ រដ្ឋបាលខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងមានការចូលរួមឧបត្ថម្ភដោយវិស័យឯកជន។ ក្នុងកម្មវិធីនេះ មានការបែងចែកជាពីរផ្នែក គឺបើកឱ្យមានការចូលរួមដោយសេរីពីសំណាក់ប្រជាសហគមន៍ និងមានការរៀបចំលក់ជាកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ផងដែរ។

កិច្ចប្រជុំនោះ ក៏បានបង្ហាញឱ្យដឹងដែរថា តំបន់ភ្នំចង្ក្រានរយ មានគោលដៅសម្រាប់ភ្ញៀវទេសចរណ៍ទស្សនាជាច្រើន ហើយក៏ជាទីតាំងប្រវត្តិសាស្ត្រមួយផងដែរនាសម័យកាលព្រះបាទត្រសក់ផ្អែម។ តំបន់ទសចរណ៍ធម្មជាតិមួយនេះ មានព្រៃទស្សនាសត្វស្លាបកម្រ ដែលភៀសខ្លួនចេញពីតំបន់និងពិភពលោក មកសង្ងំលាក់ខ្លួននៅក្នុងតំបន់ព្រៃភ្នំចង្ក្រានរយតាមរដូចកាល ក្រៅពីនេះតំបន់ចង្ក្រានរយ ក៏ជាទីតាំងដែលមានថ្មដុះចេញជារូបសត្វផ្សេង ចំការម្នាស់ដុះលើថ្មជាដើម ហើយដែលទាំងនេះហើយ គឺជាចំណុចសក្តានុពលទេសចរណ៍ដ៏ទាក់ទាញបំផុត នៅស្រុកវារិន្ទ នៃខេត្តសៀមរាប៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online