ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)

ខេត្តព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាប ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ចំនួន ០១ករណី ។

សុំបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៩ និង ៣០នាទី នៅចំណុចមុខកាស៊ីណូ ហាវជាំង ស្ថិតនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ដោយអ្នកបើកម៉ូតូពាក់យឺតពណ៌ខ្មៅដៃខ្លី និងអ្នកជិះពីក្រោយពាក់អាវយឺតពណ៌សដៃវែង បានធ្វើសកម្មភាព ដោយជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខៈ កំពត 1O-2739 ឆក់កាបូបនារីជនជាតិខ្មែរម្នាក់ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងដើរឆ្លងថ្នល់ រួចជិះម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការស្រាវជ្រាវ និងស្វែងរកតាមភិនភាគរបស់ជនសង្ស័យ រហូតដល់វេលាម៉ោង ១៩ និង ៥០នាទី ក៏ប្រទះឃើញជនសង្ស័យទាំង ០២នាក់ កំពុងជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខៈ កំពត 1O-2739 នៅផ្លូវក្រោយស្ថានីយ៍ប្រេង កាល់តិច គ្រាន់តែជនសង្ស័យបានឃើញកម្លាំងសមត្ថកិច្ច ក៏ជិះម៉ូតូគេចខ្លួនយ៉ាងលឿន កម្លាំងសមត្ថកិច្ច បានដេញប្រថាត់ចាប់ប្រភីង រហូតដល់កែងផ្លូវភោជនីយ៍ដ្ឋាន មេត្រូផាប់ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់មកជនសង្ស័យបានផ្តួលម៉ូតូ រត់គេចខ្លួនចូលទៅផ្លូវលំ កម្លាំងសមត្ថកិច្ចបានដេញតាមចាប់ឃាត់ខ្លួនបាន ចំនួន ០១នាក់ រីឯជនសង្ស័យ ០១នាក់ទៀត បានគេចខ្លួនបាត់ កម្លាំងសមត្ថកិច្ចយើងកំពុងស្វែងរកចាប់ខ្លួន ។

ជនរងគ្រោះឈ្មោះ សួង ម៉េងលី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ហាវជាំង មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់៖

-ការបូបលុយ ០១ ពណ៌ត្នោត ម៉ាក LH

-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ខៀវ មានលេខទូរស័ព្ទៈ 097 8230189 និង 088 282 8858

-លុយចំនួន ៤០,០០០៛ (បួនម៉ឺនរៀល)

-កាតធនាគារ ABA ០១សន្លឹក

-សោរម៉ូតូ ០១ និងសម្ភារៈប្រើប្រាស់មួយចំនួន ។

ជនសង្ស័យ ចំនួន ០១នាក់ ដែលចាប់ឃាត់ខ្លួនបានឈ្មោះ លី ប្រុសណុច ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។ វត្ថុតាងដកហូតបាន រួមមាន៖

-ការបូបលុយ ០១ ពណ៌ត្នោត ម៉ាក LH (ផលនៃអំពើចោរកម្ម)

-កាតធនាគារ ABA ០១សន្លឹក (ផលនៃអំពើចោរកម្ម)

-សោរម៉ូតូ ០១ និងសម្ភារៈប្រើប្រាស់មួយចំនួន (ផលនៃអំពើចោរកម្ម)

-ម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខៈ កំពត 1O-2739 (មធ្យោបាយប្រព្រឹត្តបទល្មើស) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online