បច្ចេកទេសរបស់កីឡាករមានលក្ខណៈល្អប្រសើរ ថ្ងៃដំបូង ក្នុងការប្រកួតប្រដាល់សកលជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១
CAMSOC-ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានចាប់ផ្តើមថ្ងៃទី១ កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ដោយមានកីឡាករប្រកួតចំនួន ២៤គូ។ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ អះអាងថា គុណភាពបច្ចេកទេសរបស់កីឡាករទាំងនេះ មានលក្ខណៈល្អប្រសើរច្រើន។
ឆ្លងកាត់ការប្រកួតថ្ងៃទី១នេះ លោកសង្កេតឃើញថា កម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនី មានគុណភាពមិនខុសគ្នាឆ្ងាយប៉ុន្មានឡើយ ដោយមិនសូវមានកីឡារចាញ់ដោយសន្លប់នោះទេ ពោលគឺមានភាពប្រហាក់ប្រហែលគ្នាច្រើន ខណៈផ្នែករៀបចំបច្ចេកទេសរបស់មន្ត្រីសហព័ន្ធ ក៏ដំណើរការដោយរលូនផងដែរ។
លោកបន្ថែមថា សម្រាប់ការប្រកួតថ្ងៃទី២ នៅថ្ងៃទី២៤ ខែធ្នូនេះ មាន ២៨គូទៀត និងបន្តការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដោយមាន១០ប្រភេទទម្ងន់។ ជាមួយគ្នានេះដែរ នៅក្នុងការប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិឆ្នាំនេះ មានលក្ខណៈល្អប្រសើរច្រើន ដោយសហព័ន្ធ បានកៀរគរសប្បុរសជនគាំទ្រដល់ព្រឹត្តិការណ៍នេះ មានច្រើនផងដែរ។ សហព័ន្ធនឹងប្រើប្រាស់ថវិកាឧបត្ថម្ភទាំងនោះ ធ្វើជាប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម ជូនដល់កីឡាករ កីឡាការិនី និងបន្ថែមការលើកទឹកចិត្តដល់មន្ត្រីរៀបចំការប្រកួត ក្រៅអំពីប្រាក់រង្វាន់ ក៏ដូចជាថវិការៀបចំការប្រកួត ដែលផ្តល់ការគាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា ឆ្នាំនេះ មានកីឡាករ កីឡាការិនីប្រដាល់សកល ចូលរួមសរុបចំនួន ១០៤នាក់ ក្នុងនោះមានកីឡាការិនី ៤នាក់ មកពី២១ក្លិប-សមាគម ដែលប្រកួតពីថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២១ នៅនាយកដ្ឋានអង្គរក្ស រាជធានីភ្នំពេញ។ ចំនួននេះ បានកើនឡើងច្រើនជាង៣ដង បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំមុន ដោយសារបញ្ហាការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩៕