កីឡាការ៉ាតេកម្ពុជា ទទួលបានជោគជ័យសំខាន់ៗ ២ ក្រោយ​បញ្ចប់​ការ​ប្រ​កួត​ជើង​ឯក​អាស៊ី នៅកាហ្សាក់ស្ថាន

CAMSOC-ភ្នំពេញ៖ ប្រតិភូ និងអត្តពលិក នៃក្រុមជម្រើសជាតិ​កីឡា​ការ៉ា​តេ​កម្ពុជា បានវិលត្រឡប់មកដល់មាតុភូមិវិញហើយ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ក្រោយបញ្ចប់ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកអាស៊ី លើកទី១៧ ឆ្នាំ២០២១ (The 17th Asian Karate Championship Seniors 2021) នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។

ដំណើរមាតុភូមិនិវត្ដន៍ខាងលើ បានការអញ្ជើញទទួលស្វាគមន៍ និង​អប​អរ​សាទរពីឯកឧត្តម វ៉ាត់ ចំរើន អគ្គ​លេ​ខាធិ​ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិកកម្ពុជា (NOCC) និង​ជាអគ្គលេខាធិការសហព័ន្ធ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា បេសកកម្មរបស់កីឡាការ៉ាតេកម្ពុជាពេលនេះ គឺទទួលបានជោគជ័យ២ ទី១-ការដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង ក្នុងកម្រិតជើងឯកអាស៊ី ហើយជាលើកដំបូង ដែលមានកីឡាការិនីម្នាក់ដណ្ដើមបានមេដាយ លើវិញ្ញាសាលើសអាយុ ១៨ឆ្នាំ។ ទី២-អាជ្ញាកណ្ដាលកីឡាការ៉ាតេកម្ពុជា ៥រូប ក្នុងចំណោម ៦រូប បានប្រឡងជាប់អាជ្ញាកណ្ដាលអន្ដរជាតិ។

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ដថា «ទាំងពីរនេះ គឺដើរទន្ទឹមគ្នា ទាំងអាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនី ដែលយើងផ្ដោតការយកចិត្តទុកដាក់ ក្រោមការដឹកនាំ និងអនុសាសន៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្រធានសហព័ន្ធ បានជំរុញការធ្វើវិក្រិតកម្មបច្ចេកទេសកីឡាការ៉ាតេនេះ ឲ្យក្លាយជាប្រភេទកីឡា ដែលមានសក្ដានុពល ក្នុងតំបន់អាស៊ាន និងអាស៊ី ក៏ដូចជារហូតដល់ស៊ីហ្គេម និងក្រោយស៊ីហ្គេម ឆ្នាំ២០២៣»។

ឯកឧត្តមបន្ថែមថា នេះជាលើកដំបូងហើយ ដែលកីឡាការ៉ាតេកម្ពុជា បានបញ្ជូនអត្តពលិក និងអាជ្ញាកណ្ដាលទ្រង់ទ្រាយធំ រហូតជាង ២០នាក់ ចូលរួមព្រឹត្តិការណ៍ខាងលើ និងទទួលបានការកោតសរសើរ ក៏ដូចជាមានការវាយតម្លៃខ្ពស់ ពីសហព័ន្ធកីឡាការ៉ាតេអាស៊ី។ ហើយការបញ្ជូនប្រតិភូ អាជ្ញាកណ្ដាល និងអត្តពលិកច្រើននេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ៣ រួមមាន៖

១-ការវាស់ស្ទង់កម្រិតសមត្ថភាព និងភាពរីកចម្រើនរបស់កីឡាករ-កីឡាការិនី ក្រោយហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេសកម្រិតខ្ពស់ ២រូប (លោក Hassan គ្រូបង្វឹកកម្រិតខ្សែក្រវាត់៨ដាន់ផ្នែកប្រយុទ្ធ មកពីអ៊ីរ៉ង់ និងលោក Shoki Toyarma គ្រូបង្វឹកផ្នែកកាតា មកពីជប៉ុន) ក្នុងការប្រកួតជើងឯកអាស៊ីនេះ។

២-ការបង្ហាញនូវសក្ដានុពលថ្មី និងរបត់ថ្មីរបស់កីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្រធានសហព័ន្ធ រួមជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត ដែលបានជំរុញឲ្យវិស័យកីឡានេះ មានភាពស្មើមុខមាត់លើឆាកអន្ដរជាតិ ពិសេសការបញ្ជូនអត្តពលិកចូលរួមដ៏ច្រើន ដែលពុំធ្លាប់មានពីមុនមក។

៣- ការបញ្ជូនអាជ្ញាកណ្ដាលចូលរួមប្រឡងអាជ្ញាកណ្ដាលអន្ដរជាតិ ដែលបែងចែកជា២ ក្នុងនោះ ការប្រឡងអាជ្ញាកណ្ដាលអន្ដរជាតិកម្រិត A (កម្រិតខ្ពស់) កម្ពុជាបញ្ជូនទៅប្រឡង ២នាក់ ជាប់ទាំង ២នាក់ និងការប្រឡងអាជ្ញាកណ្ដាលអន្ដរជាតិកម្រិត B កម្ពុជាបញ្ជូនទៅប្រឡង ៤នាក់ ជាប់ ៣នាក់។

អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា នេះគឺជាមោទនភាពថ្មី សម្រាប់វិស័យកីឡាការ៉ាតេកម្ពុជា បន្ទាប់ពីការដាក់ទុនវិនិយោគជួលគ្រូបរទេសមកបង្ហាត់ ដែលជាចំណុចដ៏សំខាន់ នៃការប្រែប្រួលគួរឲ្យភ្ញាក់ផ្អើលក្នុងការប្រកួតនេះ។ ប៉ុន្ដែឯកឧត្តមបានសង្កត់ធ្ងន់ថា «ការប្រកួតនេះ មានការប្រែប្រួលមួយហើយ តែនៅមិនទាន់មានការពេញចិត្តនៅឡើយទេ សម្រាប់សហព័ន្ធ ព្រោះសហព័ន្ធមានមហិច្ឆតាឲ្យដល់កម្រិតមេដាយច្រើនជាងនេះ ហើយល្អជាងនេះ»។

ឯកឧត្តមថា «អ្វីដែលមានការប្រែប្រួល នៃការប្រកួតលើកនេះ គឺបច្ចេកទេស ទាំងការសម្ដែង និងប្រយុទ្ធ កីឡាករ-កីឡាការិនីរបស់យើង មិនមានប្រៀបចាញ់គេដូចលើកមុនទេ គឺមានកម្រិតប្រហាក់ប្រហែលគ្នា ហើយយើងមានការប្រកួតប្រជែងល្អ គេហៅថា ខិតមកកៀតកម្រិតសិទ្ធផលនៃការប្រកួត។ កាលណាគាត់ខិតជិតដល់កម្រិតសិទ្ធផលនៃការប្រកួត បើគាត់បន្ដជំរុញអភិវឌ្ឍន៍គុណផលបន្ដិចទៀត ពួកគាត់នឹងអាចឈានទៅរកមេដាយទាំងអស់គ្នាបាន»។

«ដូច្នេះយើងសង្ឃឹមហើយ សង្ឃឹមទៀតថា យើងនឹងខិតខំថែរក្សានូវជោគជ័យនេះ ហើយនិងជំរុញទឹកចិត្តគាត់បន្ថែម សំខាន់ជាងគេ ការជំរុញទឹកចិត្តបន្ថែម ក្នុងការរក្សានូវតម្លៃរបស់គាត់ ជាអ្នកប្រយុទ្ធខាងវិស័យកីឡាការ៉ាតេ ហើយមិនបោះបង់នូវការខិតខំរបស់គាត់ ហើយគាត់នឹងឈានដល់ការទទួលជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣។ អ៊ីចឹងលទ្ធផលពេលនេះ គឺជាសញ្ញាមួយល្អ សម្រាប់ឆ្នាំ២០២៣ នៃវិស័យកីឡាការ៉ាតេកម្ពុជា»។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 17th Asian Karate Championship Seniors 2021 បានប្រកួតចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយមានអត្តពលិក ៤៥ប្រទេសចូលរួម ក្នុងនោះក្រៅពីប្រតិភូ និងអាជ្ញាកណ្ដាល កម្ពុជាក៏បានបញ្ជូនកីឡាករ-កីឡាការិនី ១៥នាក់ចូលរួម។ ជាលទ្ធផល កម្ពុជាទទួលបានមេដាយសំរឹទ្ធ ២គ្រឿង រួមមានកីឡាការិនី លឹម សុខវិច្ឆិកា ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាយុវនារីទម្ងន់ក្រោម ៥៩គីឡូក្រាម និងកីឡាការិនី ឆន ស្រីភា ដណ្ដើមបានមេដាយសំរឹទ្ធដូចគ្នា លើវិញ្ញាសា U21 ទម្ងន់ក្រោម ៥៥គីឡូក្រាម៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online