កម្ពុជា-វៀតណាម ចុះត្រួតពិនិត្យសំណង់អគារចំនួន១២ នៅមជ្ឈមណ្ឌល ជាតិព្យាបាលអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ: ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ នៅមជ្ឈមណ្ឌល ជាតិព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍ នៅខេត្តព្រះសីហនុ ប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន ហ៊ុយតាំង ((NGUYEN HUY TANG) អគ្គរដ្ឋទូត សាធារណ:រដ្ឋសង្គមនិយមវៀតណាម បានចុះត្រួតពិនិត្យអគារទាំង១២ ដែលជាជំនួយឥតសំណងរបស់មិត្តវៀតណាម ។

ក្រោយពីរបាយការណ៍ស្វាគមន៍ និងរបាយការណ៍ការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន របស់លោកវុិត វ៉ាល់ដា និងរបាយការណ៍សាងសង់សំណង់អគាររបស់លោក ឈន់ ថៃស្រេង ប្រធានក្រុមហ៊ុនសាងសង់ សុទ្ធតែបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

ក្នុងនាមប្រតិភូមិត្តវៀតណាម នាឱកាសនោះ ឯកឧត្ដម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត សាធារណ:រដ្ឋ សង្គម និយមវៀតណាម ប្រចាំកម្ពុជា បានថ្លែងដោយសោមនស្ស និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងភាគីកម្ពុជាពិសេសគណ:កម្មការកសាងមជ្ឈមណ្ឌលដែលបានដំណេីរការងាររបស់ខ្លួនស្ទេីរចប់មួយរយភាគរយនៃការសាងសង់សំណង់អគារទាំង១២ ដែលមានក្នុងទំហំទឹកប្រាក់ប្រមាណ៣លានដុល្លាអាមេរិក និងបានបញ្ជាក់ថាបញ្ហាគ្រឿងញៀនជាបញ្ហាស្មុគស្មាញបំផ្លាញសង្គមជាតិដែលតំរូវឱ្យយេីងទាំងអស់គ្នាខិតខំរួមគ្នាបង្ការ ព្យាបាល និងដោះស្រាយដេីម្បីអនាគតកូនចៅយេីង។

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន បានថ្លែងអំណរគុណដល់ភាគីមិត្តវៀតណាម ដែលបាន ចូលរួម ចំណែក ជាមួយរដ្ឋាភិបាលកម្ពុជាសាងសង់សំណង់អគារចំនួន១២ដែលភាគីទាំងពីរកម្ពុជា-វៀតណាម រួមគ្នាពិនិត្យនូវសំណង់ទាំងអស់នោះ ទាំងស្នាដៃ និងគុណភាព មុននឹងស្នើសុំឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងភាគីមិត្តវៀតណាម ដើម្បីរៀបចំពិធី សម្ភោធ ដាក់ឱ្យ ប្រើប្រាស់នូវអគារ ជំនួយ នេះជាផ្លូវការ ក៏ដូចសម្ភោធមជ្ឈមណ្ឌលទាំងមូលក្នុងពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងបន្ថែមថា ចាប់ពីសាងសង់នៅឆ្នាំ២០១៧ មកដល់បច្ចប្បន្នថវិកាសាងសង់មជ្ឈមណ្ឌលជាតិនេះចំណាយថវិកាប្រមាណ៧លានដុល្លា ដែលបានមកពីការជំនួយពី សប្បុរសជន តាមរយៈមូលនិធិសម្តេចក្រ ឡាហោម ស ខេង មូលនិធិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ថវិកា ជាតិ និងពីបណ្តាប្រទេសនានា មានភាគីថៃ និង ភាគីមិត្តវៀតណាម៕