លោកយាយចាស់ជរាគ្មាទីពឹងម្នាក់នៅស្រុកជីក្រែង ទទួលផ្ទះមនុស្សធម៌ទី៧៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ផ្ទះមួយខ្នង មានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៤ម៉ែត្រ ជាផ្ទះមនុស្សធម៌ទី៧៨ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលឧបត្ថម្ភដោយលោកស្រី ធា ពេជ្រចិន្ដា និងលោក ហេង ហួង ជាស្វាមី តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបានប្រគល់ជូន លោកយាយ ហ៊ិន វិន អាយុ៧៣ឆ្នាំ ជាជរាទុរគត គ្មានកូនចៅ រស់នៅក្នុងភូមិគរ ឃុំជីក្រែង ស្រុកជីក្រែង កាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។

ពិធីប្រគល់ផ្ទះមនុស្សធម៌ទី៧៨ នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយមានការអញ្ជីញរួមរួមពី លោកជំទាវគណៈកិត្តិយសាខា លោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការអនុសាខា និង អាជ្ញាធរមូលដ្ឋាន ។

មានប្រសាសន៍ក្នុងឱកាសនេះលោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។

លោកជំទាវ ទាង អេង ទៀសីហា មានប្រសាសន៍ទៀតថា ផ្ទះមនុស្សធម៌នេះ បានប្រគល់ជូនលោកយាយ ហ៊ិន វិន ចាប់ពីពេលនេះទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់លោកយាយ លោកតា អ៊ំពូមីង សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ជាពិសរសត្រូវចូលរួមសហការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ការពារ ។

គួររំលឹកថា ជាមួយនឹងការប្រគល់ផ្ទះមនុស្សធម៌ទី៧៨នេះ ក៏មានជូនអំណោយមនុស្សធម៌បន្ថែមដែររួមមាន៖ មុង១ ,ភួយ៣ , សារុង១ , ក្រមា១ , កន្ទេល១ , អង្ករ៣០គីឡូក្រាម , មី១កេស , ត្រីខ១យួរ , ខ្នើយ២ , អាវយឺត២ , សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល ហើយសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត និងប្រតិភូរួមដំណើរក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។

ជាមួយគ្នានេះ ក៏បានជូនអំណោយដល់លោកតា លោកយាយ ដែលបានចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន៤០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម , មី១កេស , ត្រីខ១យួរ , ទឹកត្រី១យួរ , មុង១ , ភួយ១ , សារុង១ , ក្រមា១ , អាវយឺត២ និងថវិកា៤ម៉ឺនរៀល។

សូមបញ្ជាក់ថាផ្ទះមនុស្សធម៌នេះ ជាសមិទ្ធផលថ្មីទី៧ សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី៧៩ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online