ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំពិនិត្យរបាយការណ៍បូកសរុបឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិនិត្យរៀបចំរបាយការណ៍បូកសរុបប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២២ ព្រមទាំងត្រៀមរៀបចំធ្វើសិក្ខាសាលាស្តីពីអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារក្រោយបញ្ចប់កិច្ចប្រជុំនេះថា ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានអង្គប្រជុំ បានណែនាំបន្ថែមជូនដល់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ ទៅលើការរៀបចំទីលានប្រកួត ការត្រៀមលើការហូបចុក-ស្នាក់នៅ ការគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ និងភូមិកីឡាជាដើម។ ជាមួយគ្នានោះ គណៈអចិន្ត្រៃយ៍ CAMSOC កំពុងស្នើសុំគោលការណ៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក្នុងការរៀបចំសិក្ខាសាលាមួយ ស្តីពីអភិបាលកិច្ចល្អ ដើម្បីគោលដៅជំរុញឲ្យការត្រៀមលក្ខណៈសម្បត្តិការធ្វើម្ចាស់ផ្ទះប្រវត្តិសាស្ត្រនេះ មានភាពគ្រប់ជ្រុងជ្រោយ និងកាន់តែរឹងមាំបន្ថែមទៀត។

«សិក្ខាសាលាស្តីពីអភិបាលកិច្ចល្អនេះ នឹងធ្វើឲ្យកាន់តែមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពស្មោះត្រង់ ក្នុងការងារប្រកបដោយទទួលខុសត្រូវខ្ពស់។ សិក្ខាលាលានឹងរៀបចំចងក្រងនូវក្រមសីលធម៌ដាក់ជូនដល់គណៈកម្មការជំនាញទាំងអស់ក្រោមឱវាទ CAMSOC រួមទាំងអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឲ្យការអនុវត្តផែនការមេ ស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យសម្រេចជោគជ័យ។ ឆ្នាំ២០២២ គឺជាដំណាក់កាលរៀបចំអនុវត្តដំណើរការស៊ីហ្គេម ឆ្នាំ២០២៣ និងឲ្យគ្រប់ដំណើរការទាំងអស់បានឆ្ពោះទៅព្រមគ្នាប្រកបដោយភាពស្វាហាប់ និងច្បាស់លាស់។ នៅខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នឹងដឹកនាំកិច្ចប្រជុំសមាជិកអាស៊ីអាគ្នេយ៍ ដែលមាន១១ប្រទេស ដើម្បីកំណត់បង្ហាញវិញ្ញាសា និងប្រភេទកីឡា ឲ្យបានរួចរាល់ទាំងអស់»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន

ឯកឧត្តមមានប្រសាសន៍ទៀតថា យើងបានធ្វើកិច្ចការទាំងអស់នេះជាជំហានៗ ហើយបានយកគោលការណ៍ណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសបើកសម្ពោធវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលបានដាក់ចេញនូវគោលការណ៍សំខាន់ៗនោះ យកមកអនុវត្តសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែលជាឆ្នាំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តែម្តង។ ដូច្នេះប្រតិទិនការងារសំខាន់ៗរបស់សម្តេចពិជ័យសេនា គឺជាត្រីវិស័យតម្រង់ទិស ឆ្ពោះទៅរកប្រសិទ្ធភាពការងារ កាន់តែខ្ពស់បន្ថែមទៀត។ «អ្វីដែលសំខាន់ ក្រៅពីការប្រកួតប្រជែងមេដាយ គឺថ្នាក់ដឹនាំជំរុញឲ្យយើងទាំងអស់គ្នា ធ្វើយ៉ាងណាឲ្យការទទួលបដិសណ្ឋារកិច្ចភ្ញៀវ អត្តពលិកអន្តរជាតិ ប្រកបដោយកិត្តិយសជាតិ និងសេចក្តីថ្លៃថ្នូ រក្នុងឋានៈកម្ពុជា ជាម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនេះ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online