ឃាត់ខ្លួនជនសង្ស័យ ០២នាក់ភ្លាមៗ បន្ទាប់ពីធ្វេីសកម្មភាព ឆក់ទូរសព្ទ័ដៃ ០១គ្រឿង នៅចំណុចកែងបុរីប្រិមប្រិយក្នុងក្រុងសៀមរាប
ក្រុងសៀមរាប: នៅវេលាម៉ោង១៦:១៤នាទីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២១ម្សិលមិញ នៅចំណុចកែងបុរីប្រិមប្រិយក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័) ប្រព្រឹត្តដោយជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពជិះម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប 1AA-7918 ឆក់យកទូរសព្ទ័ដៃម៉ាក IphoneX ពណ៌ស ស្រោមពណ៌ចម្រុះ លេខអាយមី IMEI 356721088607099 របស់ជនរងគ្រោះឈ្មោះ ផ ឡ ហៅ ស្រីស ភេទស្រី អាយុ ២២ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិតាយ៉ុន ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយនិយាយទូរសព្ទ័នៅលើម៉ូតូ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួន ។ បន្ទាប់ពីទទួលព័ត៌មាន កម្លាំងនគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការ នៃអធិការនគរបាលក្រុងសៀមរាប ដែលកំពុងចេញល្បាតតាមដងផ្លូវ បានធ្វើការស្ទាក់ ប្រដេញនិងឃាត់បាន មុខសញ្ញាជនសង្ស័យ រួមទាំងវត្ថុតាងយកមកសាកសួរនាំ បានភ្លាមៗ ។
-ជនសង្ស័យទី០១/ឈ្មោះ វន្ត័ ចេតនា ហៅ បឺត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ជាអ្នកបើកបរ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុង/ខេត្ត សៀមរាប បានឆ្លើយសារភាពថាៈខ្លួននិងបក្ខពួកបានធ្វើសកម្មភាពឆក់ចំនួន០២លើក បានសម្រេចចំនួន០១លើក ។
-ជនសង្ស័យទី២/ ឈ្មោះ សិទ្ធ ប៊ុនណារត្ន័ ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បានឆ្លើយសារភាពថាៈពួកខ្លួនពិតបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃរបស់ជនរងគ្រោះពិតមែន ហើយធ្លាប់ធ្វើសកម្មភាពឆក់ចំនួន០៣លើក បានសម្រេចចំនួន០៣លើក នៅក្នុងភូមិសាស្ត្រសង្កាត់គោកចក។
ជនសង្ស័យទាំង០២នាក់នេះ យើងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យជាលទ្ធផល អវិជ្ជមាន ។
តាមចម្លើយសារភាព និងវត្ថុតាងដែលយើងដកហូតបាន បច្ចុប្បន្នជនសង្ស័យទាំង០២នាក់នេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ រកបណ្តឹងបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ ៕