២,៣០០នាក់ ចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦

CAMSOC-សៀមរាប៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅតំបន់អង្គរ ទទួលបានអ្នករត់ប្រណាំងសរុបចំនួន ២,៣០០នាក់ ក្នុងនោះមានអ្នករត់ ២,១០០នាក់ និងអ្នករត់អន្តរជាតិ ដែលស្នាក់នៅក្នុងស្រុកចំនួន ២០០នាក់។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ទិដ្ឋភាពទាំងមូលនៃព្រឹត្តិការណ៍រត់ប្រណាំងនេះបានដំណើរការដោយរលូន និងជោគជ័យ ជាពិសេសវិធានការបង្ការកូវីដ-១៩ ក៏ត្រូវបានអនុវត្តបានល្អប្រសើរ ដោយទទួលបានកិច្ចសហការយ៉ាងល្អជាមួយមន្ទីរសុខាភិបាលខេត្ត និងការជួយជ្រោមជែងយ៉ាងខ្លាំងពីអាជ្ញាធរខេត្តសៀមរាប។ «អ្វីជាការកត់សម្គាល់ គឺអ្នកចូលរួមរត់ប្រណាំងទាំងអស់ បានបង្ហាញនូវក្តីរីករាយជាខ្លាំង និងបង្ហាញនូវមនោសញ្ចេតនារំភើបរីករាយ ចំពោះការផ្លាស់ប្តូរថ្មីនៃសោភ័ណ្ឌភាពទីក្រុងសៀមរាប និងសម្រស់តំបន់អង្គររបស់យើងដែរ»។

ឯកឧត្តមបន្ថែមថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមិនមែនជាការប្រកួតកីឡាស្វែងរកឧត្តមភាពលើផ្នែកបច្ចេកទេសនោះទេ ប៉ុន្តែការចូលរួមគឺជារឿងសំខាន់ ក្នុងការជំរុញឲ្យទិវារត់ប្រណាំងនេះ បង្កើនបានបន្ថែមបាននូវការគាំទ្រ។ ជាមួយគ្នានេះ ទិវានេះក៏បានជួយដល់ប្រភេទកីឡាអត្តពលកម្មនៃក្រុមជម្រើសជាតិកម្ពុជាដែរ ដែលជ័យលាភីលើវិញ្ញាសា២១គីឡូម៉ែត្រ គឺអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានជ័យលាភីលើវិញ្ញាសានេះ។

គោលបំណងចម្បង កាលពីដើមឡើយនៃទិវារត់ប្រណាំងដ៏ធំ និងមានវ័យចំណាស់ជាងគេរបស់កម្ពុជាមួយនេះ ដែលកាលពីលើកទី១ កាលពីឆ្នាំ១៩៩៦មក គឺទិវានេះ ត្រូវបានធ្វើឡើងក្នុងបំណងលើកកម្ពស់ជនពិការ ដើម្បីជួយដល់ជនពិការដែលរងគ្រោះដោយសារគ្រាប់មីន ដោយបំណងនេះ នៅតែរក្សាបានរហូតដល់ពេលនេះ គឺរយៈពេល២៦ឆ្នាំ មកហើយ។

ព្រឹត្តិការណ៍នេះ គឺឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដាក់ថាជាបុរេលក្ខខណ្ឌ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយទៅដល់ពិភពលោកថា គោលដៅទេសចរណ៍ នៅតំបន់អង្គរនេះ គឺមានសុវត្ថិភាព និងភាពកក់ក្តៅ។ ដូច្នេះ សុវត្ថិភាពខ្ពស់នៅតំបន់អង្គរនេះ គឺគ្មានកូវីដ-១៩ទេ។ ដូច្នេះ ភ្ញៀវទេសចរណ៍ទាំងអស់ អាចចាប់ផ្តើមមកលេង សម្រាប់អ្នកទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួច ខណៈគម្រោងរត់ប្រណាំងអន្តរជាតិ នាចុងឆ្នាំ២០២២នេះ នឹងបើកទទួលអ្នករត់យ៉ាងទូលាយទូទាំងពិភពលោកតែម្តង ដោយមិនមានការធ្វើចត្តាឡីស័កអ្វីទៀតទេ គឺមានតែធ្វើតេស្តរហ័សប៉ុណ្ណោះ ហើយបើមិនមានបញ្ហាអ្វីកើតឡើងទេ ភ្ញៀវទាំងអស់ អាចដើរហើរដោយសេរី ទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ពីព្រោះថាប្រជាពលរដ្ឋកម្ពុជា មានសំណាងខ្ពស់ជាងគេ ក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ-១៩បានគ្រប់ៗគ្នា ទាំងមនុស្សចាស់ និងកុមារ ដែលទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យយើងទាំងគ្នាទទួលបានការចាក់វ៉ាក់សាំង និងបានធ្វើសកម្មភាពសេដ្ឋកិច្ច សង្គម រួមទាំងបានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឡើងវិញផងដែ។

ឯកឧត្តម វ៉ាត់ ចំរើន សូមថ្លែងអំណរគុណដ៏ជា្រលជ្រៅចំពោះអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរអប្សរា កងកម្លាំងប្រដាប់អាវុធ មន្ទីរសុខាភិបាលខេត្តសៀមរាប ដៃគូឧបត្ថម្ភធំ Menulife និងសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្ត និងអង្គការបេះដូងមាស ដែលជួយគាំទ្រធ្វើឲ្យទិវាកីឡាទេសចរណ៍ លើកទី២៦នេះ ដំណើរការដោយរលូន និងជោគជ័យ។

លោក ចាសស្ទីន ហ៊ែលហ្វឺរិច (Justin Helferich) អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លើកឡើងដែរថា ក្នុងនាមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា ជាមួយនិងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារកម្ពុជា យើងមានមោទនភាពណាស់ ដែលបានក្លាយជាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍នេះ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនយើង។ នេះជាឆ្នាំទី៨ហើយ ដែលយើងបន្តការគាំទ្រគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំឲ្យមានព្រឹត្តិការណ៍នេះដោយផ្ទាល់។ យើងមានទំនួលខុសត្រូវខ្ពស់លើសុខសុវត្ថិភាពរបស់អ្នកចូលរួម ដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយថែមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។

«ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តនេះ ជាបទពិសោធន៍ដ៏ល្អបំផុត ដែលខ្ញុំមិនដែលជួបនៅកន្លែងផ្សេងឡើយនៅលើពិភពលោក។ ខ្ញុំរំភើបចិត្តជាខ្លាំង ដែលបានឃើញពីការចូលរួម និងទទួលស្គាល់គ្នាទៅវិញទៅមកពីគ្រប់ជាតិសាសន៍ សាសនា ភេទ អាយុ សមត្ថភាពរាងកាយ និងការចែករំលែកមនុស្សធម៌របស់យើងទៅកាន់អង្គការសប្បុរសធម៌តាមរយៈព្រឹត្តិការណ៍នេះរៀងរាល់ឆ្នាំ»។ លោក ចាសស្ទីន ហ៊ែលហ្វឺរិច បន្លែម៕