រថយន្ត២គ្រឿង បើកបរបញ្រ្ចាស់ទិសបុកគ្នា បណ្តាលអោយរបួសធ្ងន់០២នាក់ និងស្រាលម្នាក់
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩:៥៣នាទី ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត២គ្រឿង ដែលបើកបរបញ្រ្ចាស់ទិស បុកគ្នា បណ្តាលអោយរងរបួសធ្ងន់០២នាក់ និងស្រាល០១នាក់ នៅចំណុចមុខផ្ទះឈ្មោះជាងនីន ស្ថិតក្នុងភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលំផាត់ បានអោយដឹងថាគ្រោះថ្នាក់ខាងលើកើតឡើង រវាងរថយន្តវេអងកាច់ចង្កេះ៥ភ្លៅ ពណ៌លឿង ពាក់ផ្លាកលេខក្បាល ត្បូងឃ្មុំ 3A:1779 សឺមីរ៉ឺម៉កពណ៌ខៀវ ពាក់ផ្លាកលេខត្បូងឃ្មុំ 4A:0957 បើកបរពីកើតទៅលិច បុកនឹងរថយន្តហ៊ីលុច ១បាំងកន្លះ ពណ៌ស្លែ ពាក់ផ្លាកលេខ កណ្តាល 2A:0277 បើកបរពីលិចទៅកើត។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលហេតុដែលបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺ សង្ស័យមកពីរថយន្តបង្កម៉ាកហ៊ីលុចបើកបរមិនប្រកាន់ស្តាំ បានជ្រុលចង្កូតចូលទៅគន្លងផ្លូវរបស់រថយន្តវេអង។
អ្នកបើកបរ រថយន្តហ៊ីលុច មានឈ្មោះ ចេក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលឡាន មានទីលំនៅភូមិគ្លិក ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី រងរបួសធ្ងន់។ អ្នករួមដំណើរ២នាក់ មាន ឈ្មោះភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកូនជាងជួសជុលឡាន មានទីលំនៅភូមិគ្លិក ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី របួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀត មិនស្គាល់ឈ្មោះ រងរបួសស្រាល។ ចំណែកអ្នកបើកបររថយន្តវេអង មានឈ្មោះ ឈៀង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ មានទីលំនៅ នៅខេត្តត្បូងឃ្មុំ បានគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ដោយរថយន្តឯកជន។ ចំណែករថយន្ដទាំងពីរគ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសេដា ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿង តាមនិតិវិធីច្បាប់៕