ចិនកាត់បន្ថយប្រាក់ឈ្នួលមន្រ្តីរាជការរបស់ខ្លួនរហូតដល់ចំនួន ២៥ ភាគរយ

ប្រធាន​បទ​អំពី​ប្រាក់​បៀវត្ស៍​​ផុល​ផុស​​ឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​ចិន​ក្រោយ​បុគ្គលិក​ម្នាក់​នៃ​រដ្ឋបាល​ក្រុង​ Hangzhou ​នៃ​ខេត្ត​ Zhejiang ​​សរសេរ​​បង្ហោះ​ពី​ក្ដី​ព្រួយ​បារម្ភ​​ បន្ទាប់​ពី​ប្រាក់​បំណាច់​ឆ្នាំ​របស់​នាង​ត្រូវ​បាន​កាត់​បន្ថយដល់ទៅ​ចំនួន​​ ២៥ ​ភាគ​រយ​ ​ស្មើរ​នឹង​ ៥ ០០០០ ​យន់​ ឬ​ជាង​ ៧ ៨០០ ​​ដុល្លារ​។​

ប៉ុន្តែ​ការ​កាត់​បន្ថយ​ប្រាក់​បំណាច់​ឆ្នាំ​នោះ​ មិន​មែន​ជា​ប្រធាន​បទ​ក្ដៅ​​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​លើក​មក​និយាយ​នោះ​ទេ​ ដោយ​មនុស្ស​ភាគ​ច្រើន​ភ្ញាក់​ផ្អើល​នឹង​ការ​លាត​ត្រដាង​ដែល​ថា​ ​បុគ្គលិក​ដែល​មិន​បម្រើ​​ការងារ​ជា​អភិបាល​ក្រុង​ក៏​មាន​ប្រាក់​បំណាច់​ឆ្នាំ​រហូត​ដល់​ ២០០ ០០០​ ​យន់​ (​ជាង​ ៣១ ០០០ ​ដុល្លារ​)​។ ​ចំនួន​នេះ​ គឺ​ច្រើន​ជាង​ប្រាក់​​បំណាច់​ឆ្នាំ​របស់​​បុគ្គលិក​ធម្មតា​នៅ​ក្រុម​ហ៊ុន​ឯកជន​ខ្នាត​តូច​ និង​មធ្យម​​ក្នុ​ង​ខេត្ត​ Zhejiang ​រួម​ទាំង​មន្ត្រី​រាជការ​ធម្មតា​នៅ​ក្នុង​ខេត្ត​ផ្សេង​ទៀត​ផងដែរ​​។​

​លោក​ Katsuji Nakazawa ​​អ្នក​និពន្ធ​វិចារណកថា​សរសេរ​ក្នុង​​អត្ថបទ​​វិភាគ​​របស់​លោក​ចុះផ្សាយ​ដោយ​​កាសែត​ Nikkei Asia ​ថា ​ប្រទេស​ចិន​​មិន​មាន​ការ​ប្រកាស​ជាផ្លូ​វ​ការ​ណា​មួយ​​ ធ្វើ​ឡើង​អំពី​ការ​កាត់​បន្ថយ​ប្រាក់​ឈ្នួលរ​បស់​មន្ត្រី​សាធារណៈ​ទេ​ ​ទោះ​បី​ការ​បង្ហោះ​ស្ដី​ពីកា​រ​កាត់​ប្រាក់​ឈ្នួល​ត្រូវ​បាន​អាជ្ញាធរ​ចេញ​វិធាន​ការ​លុប​ចោល​រួច​ហើយ​ក្ដី​។​ ប៉ុន្តែ​​ការ​​កាត់​​ប្រាក់ឈ្នួល​​​យ៉ាង​​ច្រើន​ប្រហាក់​ប្រហែល​គ្នា​នេះ​ ​​ក៏​មាន​នៅក្នុ​ង​​តំបន់​​សម្បូរ​​សប្បាយមួយ​ចំនួន​​​ដូច​​​ជាខេ​ត្ត​ Guangdong ​ខេត្ត​ Jiangsu ​ក្រុង​ Shanghai ​និង​ក្រុង​ Tianjin ផង​ដែរ​​។

​នៅ​​ប្រទេស​​ចិន​ ប្រាក់​​ឈ្នួល​​មន្ត្រី​​រាជការ​​ត្រូវ​​បាន​​បែង​​ចែក​​ជា​​ពីរ​​ផ្នែក​។​ ​មួយ​គឺ​ប្រាក់​ឈ្នួល​គោល​ ដែល​កំណត់​​ដោយ​បទ​ដ្ឋាន​ជាតិ​​ និង​មួយ​​ទៀត​​​គឺ​ប្រាក់​​ខែ​ ​និងអត្ថ​ប្រយោជន៍​សុខុមាល​ភាព​ផ្អែក​លើ​គុណ​សម្បត្តិ​។​ ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ និង​​ឧបត្ថម្ភ​ធន​ផ្សេង​ៗ​ រួម​ទាំង​ប្រាក់​ដែល​ទាក់​ទង​នឹង​ការ​ដឹក​ជញ្ជូន​ និង​លំនៅដ្ឋាន​ គឺ​ជា​ផ្នែក​នៃ​ប្រាក់​ឈ្នួល​ និង​អត្ថ​ប្រយោជន៍​សុខុមាលភាព​ផ្អែក​លើ​គុណ​សម្បត្តិ​។​

ទោះ​​យ៉ាង​ណា​ក្ដី​ ប្រាក់​លើក​ទឹក​ចិត្ត​​ផ្សេង​ៗ​​ចន្លោះពី​ ​៤៤០ ​ដុល្លារ​ ទៅ​ ៨៣០ ​ដុល្លារ​ក្នុង​មួយ​ខែ​ នឹង​ត្រូវ​កាត់​ចេញ​នៅ​ក្នុង​ទីក្រុង​ Hangzhou ​ប៉ុន្តែ​ប្រាក់​ឈ្នួល​គោល​នឹង​មិន​ត្រូវ​បាន​កាត់​នោះ​ទេ​​ ដែល​ធ្វើ​ឱ្យ​​ការ​​បញ្ចេញ​មតិ​ជា​សាធារណៈ​អំពី​ការ​ខក​ចិត្ត​មិន​សូវ​ជា​ខ្លាំង​​ ដូច​នឹង​ការ​ភ្ញាក់​ផ្អើល​លើ​ប្រធាន​បទ​ប្រាក់​បំណាច់​ឆ្នាំ​ច្រើន​របស់​ស្រ្តី​ដែល​សរសេរ​លើ​បណ្ដាញ​សង្គម​។ នេះបើ​តាម​ការ​សរសេរ​របស់​លោក​ Nakazawa ​។ ​បុគ្គលិក​សាធារណៈ​ហាក់​ដូច​ជា​រំពឹង​ថា​ ប្រសិន​បើ​សេដ្ឋកិច្ច​កើន​ឡើង​ នោះ​​ប្រាក់​ឈ្នួល​គោល​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ដំឡើង​។​

​លោក​ Sun Liping ​សាស្ត្រាចារ្យ​សង្គម​វិទ្យា​នៅ​សកល​វិទ្យាល័យ​ Tsinghua ​​ធ្វើ​​ការ​វិភាគ​ពី​ស្ថានភាពប​ច្ចុប្បន្ន​នៅ​ចិន​ដោយ​លើក​ឡើង​ពី​ការ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​របស់​មន្ត្រី​សាធារណៈ​ បញ្ហា​ពន្ធ​លើ​អចលនទ្រ​ព្យ​ និង​ការ​ក្លែង​បន្លំ​ពន្ធ​នៅ​ក្រុង​ Bazhou ​ខេត្ត​ Hebei​ ដោយ​ប្រៀប​វា​ទៅ​នឹង​ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ច​ពពុះ​ហ្គូណូ​(Guano)នៅ​​ប្រទេស​ប៉េរូ​ក្នុង​សតវត្សរ៍​ទី​១៩​។​​

ហ្គូណូ​ដែល​ជា​ប្រភេទ​លាមក​សត្វ​ស្លាប​ដូច​ជា​ប្រជៀវ​ ត្រូវ​បាន​ជីក​យក​​ក្នុង​បរិមាណ​យ៉ាង​ច្រើន​ពី​កោះ​ផ្សេង​ៗ​របស់​ប៉េរូ​ ហើយ​នាំ​ចេញ​ទៅ​អឺរ៉ុប​។​ ប្រាក់​ចំណេញ​ដ៏​ច្រើន​ដែល​ទាញ​យក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ហ្គូណូ ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម​របស់​ប៉េរូ​ រីក​ចម្រើន​​យ៉ាង​ឆាប់​រហ័ស​​​។

ស្រប​ពេល​បែប​នេះ​ ចំនួន​មន្រ្តី​សាធារណៈ​របស់​​​ប៉េរូ​​ក៏​កើន​ចំនួន​ ហើយ​​ការ​​ចំណាយ​​របស់​រដ្ឋាភិបាល​ក៏​ដូច​គ្នា​​​។ ​ទី​បំផុត​ ហ្គូណូ​ក៏​អស់​ ប៉ុន្តែ​រដ្ឋាភិបាល​​មិន​អាច​កាត់​បន្ថយ​ចំនួន​មន្ត្រី​រាជការ​បាន​លឿន​នោះ​ទេ​ ហើយ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក៏​ត្រូវ​ការ​ថវិកា​បន្ថែម​ទៀត​។​ ជា​លទ្ធផល​ ហិរញ្ញវត្ថុ​របស់​ប្រទេស​ប៉េរូ​បាន​ដួល​រលំ​ ហើយ​រដ្ឋាភិបាល​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​យក​ពន្ធ​ច្រើន​​នោះ​ទេ​។​

លោក​ Sun ​​​និយាយ​​​ថា​ អ្វី​​ដែល​​កំពុង​​កើត​​ឡើង​​​នៅ​​ប្រទេស​​ចិន​​មិន​​ខុស​​​ពី​​ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ​​នេះ​នោះ​​ទេ​។​ ​នៅ​ពេល​ដែល​តម្លៃ​លំនៅដ្ឋាន​​ឡើង​ថ្លៃ​ រដ្ឋាភិបាល​តាម​តំបន់​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​គ្រប់​ពេល​ដែល​ពួក​គេ​ចង់​បាន​ ដោយ​លក់​សិទ្ធិ​ប្រើ​ប្រាស់​ដី​រដ្ឋ​ឱ្យ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​។ ​រដ្ឋាភិបាល​មូលដ្ឋាន​ពឹង​ផ្អែក​លើ​ប្រាក់​ចំណូល​ពី​ដី​ដើម្បី​បង្កើន​ចំនួន​បុគ្គលិក​ បង្កើន​ប្រាក់​ឈ្នួល​ និង​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​។​ ប៉ុន្តែ​​​ល្បែង​​បែប​​​នេះ​​កំពុង​​​តែ​​រលំ​ ព្រោះ​​វា​​​​ឈាន​​ដល់​​ទី​​បញ្ចប់​នៃ​ការ​ទាញ​យក​​ប្រយោជន៍​បាត់​ទៅ​​ហើយ​។​

ដោយ​​សា​រ​​​វិបត្តិ​​បំណុល​​របស់​​ក្រុម​ហ៊ុន​​​អចលនៈ​​ទ្រព្យ​​ធំ​មួយ​របស់​ចិនគឺ​ក្រុម​ហ៊ុន​​​ ​Evergrande ​​គំរូ​នៃ​ការ​អភិវឌ្ឍន៍​ការ​ពង្រីក​ដ៏​វិសេស​វិសាល​ក៏ត្រូវ​ចប់​​។​ នេះ​ហើយ​ជា​មូលហេតុ​ដែល​​​ធ្វើ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​របស់​មន្ត្រី​សាធារណៈ​​​នៅ​ខេត្ត​ Zhejiang ​​ ហើយ​​ចិនក៏ត្រូវ​​​បង្ខំ​ពិចារណា​ដាក់​ពន្ធ​លើ​អចលន​ទ្រព្យ​។​

ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សា​រដ្ឋ​ គណៈ​រដ្ឋ​មន្ត្រី​របស់​​ចិន​កាល​ពី​ខែ​វិច្ឆិកា​ លោក​នាយក​រដ្ឋ​មន្ត្រី​ Li Keqiang ​បាន​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​កាត់​បន្ថយ​ការ​ចំណាយ​ធម្មតា​របស់​រដ្ឋាភិបាល​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ប្រើ​ប្រាស់​មូលនិធិ​ដែល​បាន​រក្សា​ទុក​ដើម្បី​ដោះស្រាយ​បញ្ហា​លំបាក​ទាក់​ទង​នឹង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។​

លោក ​​Nakazawa ​សរសេរ​ថា​ ទាំង​រដ្ឋាភិបាល​ថ្នាក់​កណ្តាល​ និង​ក្នុង​មូលដ្ឋាន​របស់​​ចិ​ន​ មិន​អាចមា​ន​លទ្ធភាព​កាត់​បន្ថយ​យ៉ាង​ខ្លាំង​លើ​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​ទេ​ ព្រោះ​វា​ជា​សសរស្តម្ភ​នៃ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន​។​ ក្នុង​កាលៈទេសៈ​បែប​នេះ​ ពួក​គេ​លែង​មាន​លទ្ធភាព​ប្រើ​ប្រាស់​លុយ​ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ការងារ​របស់​មន្ត្រី​សាធារណៈ​ដោយ​យក​ប្រាក់​ឈ្នួល​ និង​អត្ថ​ប្រយោជន៍​សុខុមាល​ភាព​ផ្អែក​លើ​គុណ​សម្បត្តិ​ទៀត​ហើយ​។​

ប្រភព​ចិន​​មួយ​​​ព្យាករ​​​ថា​ វិធានការ​​កាត់​​ប្រាក់​ឈ្នួល​​មិន​​ត្រឹ​ម​​តែ​មាន​ចំពោះ​​មន្ត្រី​​រាជ​ការ​​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​នឹង​ធ្វើ​ចំពោះ​​កម្មក​រ​ទាំ​ង​​អស់​​ក្នុង​​វិស័យ​​សាធារណៈ​​​ទូទាំង​​ប្រទេស​។​ ​

លោក​ ​Nakazawa ​ដដែល​សរសេរ​ថា​ នៅ​​ប្រទេស​ចិន​ មន្ត្រី​រាជការ​សាធារណៈ​ និង​អ្នក​បម្រើ​ការ​សាធារណៈ​ផ្សេង​ទៀត​ដែល​ទទួល​ប្រាក់​ឈ្នួល​ពី​រដ្ឋ​ គឺ​ជាស្នូ​ល​នៃ​សង្គម​។​ ប្រសិន​បើ​ប្រាក់​ចំណូល​របស់​ពួក​គេ​ធ្លាក់​ចុះ​ច្រើន​ នោះ​ពួក​គេ​ទំនង​ជា​មិន​សូវ​មាន​ឆន្ទៈ​ក្នុង​ការ​ចំណាយ​។​ ការ​ផ្លាស់​ប្តូរ​បរិយាកាស​ជុំ​វិញ​មន្ត្រី​រាជ​ការ​សាធារណៈ​បែប​នេះ​ ក៏​នឹង​ក្លាយ​ជា​បញ្ហា​ធំ​មួយ​លើ​សេដ្ឋកិច្ច​ចិន​នៅ​ឆ្នាំ ​២០២២ ខណៈដែល​ប្រទេស​នេះ​បន្ត​នូវ​កំណើននៃស្ថិរភាព​​សេដ្ឋកិច្ច​របស់ខ្លួន​៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online