វៀតណាមទទូចឱ្យចិនបើកព្រំដែនឡើងវិញ ខណៈចរាចរណ៍សកម្មភាពពាណិជ្ជកម្មរងភាពកកស្ទះ

ក្រសួងពាណិជ្ជកម្មវៀតណាមកាលពីថ្ងៃអាទិត្យកន្លងទៅបានធ្វើការទទូចទៅកាន់អាជ្ញាធរខេត្តក្វាងស៊ី (Guangxi) របស់ចិនចាត់វិធានការជាបន្ទាន់ក្នុងការកាត់បន្ថយការកកស្ទះទំនិញតាមបណ្ដោយព្រំដែនចិន-វៀតណាម បន្ទាប់ពីប្រទេសចិនបានធ្វើការបិទព្រំដែន ក្រោយរកឃើញមានករណីវិជ្ជមានកូវីដ-១៩ នាំចូលពីប្រទេសវៀតណាមកន្លងទៅ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋវៀតណាម VNA ក្រសួងពាណិជ្ជកម្មវៀតណាមលើកឡើងតាមសេចក្ដីថ្លែងការណ៍ថា៖ «វិធានការប្រឆាំងនឹងជំងឺឆ្លងគោលនយោបាយ “គ្មានកូវីដ” ដែលខេត្តក្វាងស៊ីកំពុងតែអនុវត្ត រួមមានបិទច្រកព្រំដែន ឬ បញ្ឈប់ការនាំចូលផ្លែឈើគឺមានភាពលើសពីចាំបាច់ខ្លាំងណាស់»។

ខាងក្រសួងបានបន្តថា៖ «ការបង្អាក់នេះបានបង្កជាផលប៉ះពាល់អវិជ្ជមានទៅលើពាណិជ្ជកម្មទ្វេភាគី និងការបាត់បង់យ៉ាងខ្លាំងទៅលើជំនួញ និងប្រជាជនទាំងសងខាង»។

មន្ត្រីពាណិជ្ជកម្មខេត្តក្វាងស៊ីបានលើកឡើងថា ខាងចិនបានបង្កើនរយៈពេលក្នុងការត្រួតពិនិត្យទំនិញនៅតាមអង្គភាពគយតាមព្រំដែន ហើយកំពុងតែពិភាក្សាលើវិធានការសម្របសម្រួលនានាផ្សេងទៀត។

ប្រទេសចិនជាទីផ្សារពាណិជ្ជកម្មដ៏ធំមួយសម្រាប់ប្រទេសវៀតណាម ជាពិសេសលើផលិតផលបន្លែ ផ្លែឈើ។ អំឡុង ១១ខែ នៃឆ្នាំ២០២១ ពាណិជ្ជកម្មនៃផលិតផលកសិកម្មរវាងប្រទេសទាំងពីរមានតម្លៃសរុបដល់ទៅ ១១,៣ប៊ីលានដុល្លារឯណោះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online