សម្ដេចតេជោ ណែនាំឲ្យចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញ ឬដូសទី៤ ជូនកីឡាករ-កីឡាការិនី

CAMSOC-ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer ជាដូសជំរុញ ឬដូសទី៤ សម្រាប់ចាក់ជូនកីឡាករ-កីឡាការិនី ដើម្បីបង្កើនភាពស៊ាំបន្ថែមទៀត ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា «វាជាបញ្ហាកីឡា តែបើកីឡារស់ក្នុងកូវីដ ក៏អត់កើតដែរ»។ ដោយហេតុនេះ សម្ដេចបានទទូចឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើការប្រកួត ក៏ដូចជាការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាលជាសកលនេះ។

តាមរយៈនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ពិនិត្យលទ្ធភាពចាក់វ៉ាក់សាំងដូសទី៤ ដល់កីឡាករ-កីឡាការិនី ដោយសម្ដេចតេជោ បានចង្អុលបង្ហាញឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer សម្រាប់មន្ដ្រីជួរមុខ និងអ្នកជាប់ពាក់ព័ន្ធ ហើយក្នុងអ្នកជាប់ពាក់ព័ន្ធ ក៏មានកីឡាករ-កីឡាការិនីផងដែរ។

ឆ្លៀតឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានជម្រាបប្រសាសន៍តបសម្ដេចតេជោនាយករដ្ឋមន្ដ្រីផងដែរថា ពេលវេលានៃការចាក់ដូសជំរុញ ឬដូសទី៤ សម្រាប់វិស័យកីឡា ក៏ខិតជិតនឹងចូលមកដល់ហើយដែរ បន្ទាប់ពីគណៈកម្មាធិការជាតិ CAMSOC បានសហការជាមួយក្រុមការងារវ៉ាក់សាំងក្រសួងការពារជាតិ ចាក់វ៉ាក់សាំងដូសទី៣ ជូនកីឡាករ-កីឡាការិនីរួចរាល់ តាំងពីអំឡុងខែសីហា ឆ្នាំ២០២១ កន្លងទៅ។

សូមបញ្ជាក់ថា ការណែនាំអំពីការចាក់វ៉ាក់សាំង Pfizer ជូនកីឡាករ-កីឡាការិនីខាងលើ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជ័យលាភី ដល់វីរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោក ក្នុងការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នេះ នៅវិមានសន្ដិភាព៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online