ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួន បានទៅដល់ប្រទេសមីយ៉ាន់ម៉ា ដោយសុវត្ថភាព 

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់ប្រទេសមីយ៉ាន់ម៉ាដោយសុវត្ថភាព ។

ក្នុងដំណើរទៅដល់ ប្រទេសមីយ៉ាន់ម៉ានៅព្រលានយន្តហោះ សម្តេចតេជោ បានប្រគល់ម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀតដល់ភាគី មីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអមដំណើរដោយឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online