កម្លាំងនគរបាលខេត្ដឧត្ដរមានជ័យ បំបែកករណី រំលោភលើទំនុកចិត្ត ប្ដឹងបរិហារដោយភូតកុហកសមត្ថកិច្ច និងប្ដឹងបរិហារបង្កាច់កេរ្តិ៍

កម្លាំងនគរបាលខេត្ដឧត្ដរមានជ័យ បានបំបែកករណី រំលោភលើទំនុកចិត្ត ប្ដឹងបរិហារដោយភូតកុហកសមត្ថកិច្ច និង ប្ដឹងបរិហារបង្កាច់កេរ្តិ៍ ( កុហកថាមានចោរឆក់កាបូបលុយ)។

ដំណើររឿង៖ កាលពីថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០២២ ឈ្មោះ ជាឡាំងអ៊ូ ភេទស្រីអាយុ៤២ឆ្នាំ មានមុខ​របរ ទិញលក់ស្រូវ​ស្នាក់នៅ​ភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដ​ឧត្ដរមាន​ជ័យ គាត់​បានខល​ទូរស័ព្ទ​ប្រាប់ថៅកែស្រូវរបស់ខ្លួន ថាខ្លូនមានស្រូវ ០៤ឡាន ហើយម្ចាស់ស្រូវតម្រូវឲ្យកក់​លុយមុនចំនួន ៥លានរៀល បើកមិនកក់លុយទេគេលក់ស្រូវឲ្យអ្នកផ្សេង នៅថ្ងៃទី០៣ ខែ​មករា​ ឆ្នាំ​២០២២ វេលាម៉ោង​១១:១៩នាទី ថៅកែ​ស្រូវ បាន​ដាក់លុយតាមវីងមកឲ្យឈ្មោះ ខ្លួន ចំនួន ៤០លានរៀល ដើម្បី​ឲ្យទិញស្រូវ ហើយមុនពេលខ្លួនទៅដកលុយខាងលើនេះ ខ្លូនបានរៀបចំគម្រោងការ​ ដោយឲ្យឈ្មោះ សេ ចាន់​ហៅ ជឿន ភេទប្រុសអាយុ​៣៤ឆ្នាំ កម្មករ​លីស្រូវ រស់នៅភូមិ/ឃុំជ្រោយនាងងួន ស្រុក​ស្រីស្នំ ខេត្ដ​សៀមរាប មកចាំ​ធ្វើសកម្មភាព​ធាក់ផ្ដួលម៉ូតូ​ឆក់​យកលុយ។ ដល់​ម៉ោង​១៣​:​២០នាទី ពេលខ្លួនបានកំពុងជិះម៉ូតូ០១គ្រឿងម្នាក់​ឯង​ម៉ាកសង់ទ្រីមសេរីឆ្នាំ​២០​១៦ ពណ៌ខ្មៅ មកដកលុយនៅកន្លែងវីង ផ្សារ​សំរោង បានដកលុយចំនួន​៣៩,៩០០,០០០៛​(សាមសិបប្រាំបួនលានប្រាំ​បួនសែនរៀល)ហើយ ខ្លួនក៏ជិះម៉ូតូត្រឡប់​មកវិញ​នៅម៉ោង១៤​:៣០​នា​ទី ដល់ត្រង់ចំណុចផ្លូវកៅ​ស៊ូ​ខាង​ជើង​បន្ទាយ​ស៊ុប ចម្ងាយ​១០០ម៉ែត្រ មានឱកាសស្ងាត់ឈ្មោះ សេ ចាន់ ហៅ ជឿន បានជិះម៉ូតូតាមពីក្រោយមកសន្ទឹមគ្នា បើកល្បឿនយឺតៗ ហើយពួក​គេបានធ្វើសកម្ម​ភាព​ដូចការគ្រងទុក ធាក់ផ្ដួល​ម៉ូតូរួចយកកាបូបលុយ បើកម៉ូតូរត់គេចខ្លួនបាត់ទៅ។​

បន្ទាប់​ពីទទួ​ល​បានព័ត៌មានភា្លម លោក ឧត្ដមសេនីយទោ ហួត សុធី ស្នងការ នគរបាលខេត្តបានបញ្ជា អោយកំលាំងជំនាញនគរបាលព្រហ្មទណ្ឌ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់​មុខ​សញ្ញា​បទល្មើស រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ០២ នាក់ខាងលើ និងរកឃើញលុយចំនួន ៣៩,០០​០​,​០០០៛​(សាមសិបប្រាំបួនលានរៀល) វិញ ករណី​នេះ​បានកសាងសំណុំរឿង​និងបញ្ជូនជនសង្ស័យទៅ​កាន់សាលាដំបូងខេត្ដ ចាត់​ការតាមនីតិវិធីច្បាប់ ។​

បច្ចុប្បន្នជនត្រូវចោទ ត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយនៅ ល្ងាចថ្ងៃទី៧ខែមករា ឆ្នាំ២០២២នេះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online