រថយន្តដឹកស្រូវលើសចំណុះផ្ទុះកង់ ចតមិនដាក់ភ្លើងសញ្ញា ម៉ូតូបុកពីក្រោយពេញទំហឹងស្លាប់ស្ត្រីម្នាក់

បន្ទាយមានជ័យ៖ រថយន្តហ៊ីយ៉ាន់ដាយ០១គ្រឿង ដឹកស្រូវលើសចំណុះបណ្តាលឲ្យផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង ហើយឈប់ចតនៅលើទ្រូងផ្លូវគន្លងម៉ូតូមិនដាក់ភ្លើងសញ្ញាបំភ្លឺឲ្យគ្រប់គ្រាន់ ម៉ូតូបុកពីក្រោយបណ្តាលឲ្យស្លាប់ស្រ្តីអ្នកបើកបរម្នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងត្បូងស្ពានខ្ពស់ ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនរបាលបានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ អែម ម៉ារ៉ា ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០០៨ គ្មានស្លាកលេខ មិនពាក់មួកសុវត្ថិភាព ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ប្រភពដដែលបានបញ្ជាក់ថា ៖ មុនពេលកើតហេតុ មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ធន់ធំ ប្រភេទដឹកទំនិញ យីឌុប ពណ៌ក្រហម ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3519 (ដឹកស្រូវ) បានធ្វើដំណើរលើផ្លូវជាតិលេខ៥ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ បានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង ហើយឈប់ចតលើទ្រូងផ្លូវដែលជាគន្លងម៉ូតូ ដោយមិនបានដាក់ភ្លើងសញ្ញាគ្រប់គ្រាន់ ស្របពេលនោះដែរ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅបើកបរដោយជនរងគ្រោះក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ បានបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យបោកក្បាលនឹងទ្រុងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ អ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍បានរត់គេចខ្លួនបាត់ស្រមោល ។

ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីស្រាវជ្រាវរកអ្នកបើកបររថយន្តចូលខ្លួនមកដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online