ពានរង្វាន់កីឡាអេឡិចត្រូនិកថ្មីមួយបង្កើតឡើងដើម្បីអភិវឌ្ឍធនធានឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

CAMSOC-ភ្នំពេញ៖ ការប្រកួតកីឡាអេឡិកត្រូនិកថ្មីមួយ លើវិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១០ ខែកុម្ភៈដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយព្រឹត្តិការណ៍ដ៏ធំមួយនេះគឺជាចំណែកដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍនធានធានប្រកបដោយគុណភាព ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចកក្រកម្ពុជា។

នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡារអេឡិចត្រូនិកកម្ពុជាបានចាត់ទុកថា ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងការជួយជំរុញការអភិវឌ្ឍគុណភាពសមត្ថភាពកីឡាករកាន់តែរីកចម្រើនបន្ថែមទៀត ពីព្រោះថាវិស័យកីឡាអេឡិចត្រូនិកមានបេសកម្មធំៗចំនួនពីរ គឺត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបន្ថែមថា ការប្រកួតលើវិញ្ញាសា Mobile Legendពានរង្វាន់ T.Y Media E-Champion គឺវិញ្ញាសាមួយដ៏សំខាន់ដូចវិញ្ញាសាផ្សេងៗទៀតដែរ ក្នុងការបង្កើតឱកាសថ្មីមួយក្នុងការបង្កើនសមត្ថភាពកីឡាករត្រៀមចូលរួមប្រកួតធំៗនាពេលខាងមុខ។ តាមរយៈការប្រកួតនេះ លោកសង្ឃឹមថានឹងរកបាននូវលទ្ធផលល្អប្រសើរ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។

លោក ធី វ៉ាយ អគ្គនាយកក្រុមហ៊ុន ធី វ៉ាយ មេឌា & អ៊ែតវើថាយស៊ីង (ឯ.ក) បានបង្ហាញនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសហព័ន្ធកីឡាអេឡិត្រូនិកកម្ពុជា ក្នុងការផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនរបស់លោកដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។ការរៀបចំការប្រកួតនេះពិតជាមានសារៈសំខាន់ ក្នុងការបង្កើនធនធានកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ក្នុងការរៀបចំការប្រកួត ឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ ជាពិសេសការប្រកួតនេះមានប្រាក់រង្វាន់សរុប ១០០លានរៀល ក្នុងនោះចំណាត់ថ្នាក់លេខ១ ទឹកប្រាក់ ៥០ ០០០ ០០០រៀល, លេខ២ ទឹកប្រាក់ ២៥ ០០០ ០០០រៀល, លេខ៣ ទឹកប្រាក់ ១៥ ០០០ ០០០រៀល, លេខ៤ ទឹកប្រាក់ ៤ ០០០ ០០០រៀល។ លើសពីនេះទៅទៀតក៏មានប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់៤ក្រុមដែលមិនបានទៅវគ្គបន្ត ដោយក្នុង១ក្រុមទទួលបានប្រាក់រង្វាន់ ១ ៥០០ ០០០រៀល។

លោកអគ្គនាយកក្រុមហ៊ុនរូបនេះបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ថា ក្រុមហ៊ុននឹងបន្តការរៀបចំនៅរដូវកាលក្រោយៗទៀត ដើម្បីបន្តគាំទ្រយ៉ាងសកម្ម ក្នុងការជួយដល់ការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online