គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបើកយុទ្ធនាការជ្រើសរើសអត្តពលិកពិការត្រៀមធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

CAMSOC-សៀមរាប៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានអញ្ជើញចុះមកកាន់ខេត្តសៀមរាប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ដើម្បីស្វែងរកអត្តពលិកពិការប្រកបដោយសក្តានុពល ដើម្បីយកមកហ្វឹកហាត់ត្រៀមដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា យុទ្ធនាការតាមបណ្តាខេត្តនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានធ្វើចំនួន៣រួចហើយ ក្នុងនោះមានខេត្ត កំពង់ស្ពឺ បាត់ដំបង និងសៀមរាប ក្នុងគោលដៅជ្រើសរើសកីឡាករ កីឡាការិនីជនពិការ ដែលមានទេពកោសល្យយកមកហ្វឹកហាត់ដុះខាត់កម្រិតសមត្ថភាពរបស់ជនមានពិការភាព ទៅតាមប្រភេទកីឡាជំនាញរបស់ពួកគេ ដើម្បីត្រៀមដណ្តើមមេដាយជូនជាតិ ក្នុងឋានៈកម្ពុជាកំពុងត្រៀមលក្ខណៈត្រៀមឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រមាណ២សប្តាហ៍។

ឯកឧត្តម យី វាសនា បានអះអាងថា យុទ្ធនាការនេះ នឹងបន្តទៅកាន់ខេត្តជាច្រើនទៀត ដើម្បីជ្រើសរើសឲ្យបានធនធានល្អៗលើប្រភេទកីឡាតាមជំនាញ ចំនួន២០០នាក់ រួមទាំងប្រតិភូគ្រូបង្វឹក មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងអ្នកស្ម័គ្រចិត្ត ប្រមាណជា៣០០នាក់ទៀត ដើម្បីត្រៀមគ្រប់ទម្រង់ ដោយត្រៀមចូលរួមហែរក្បួនក្នុងពិធីបើកព្រឹត្តការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២២ ក្រៅអំពីគោលដៅប្រកួតប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា បេសកកម្មរបស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈលេខាធិការប៉ារ៉ាឡាំពិកម្ពុជា រយៈពេលពីរថ្ងៃនេះមកកាន់ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមករា និងបន្តមកសៀបរាបនេះ គឺឯកឧត្តម និងមន្ត្រីជំនាញនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា លោក សុខ ជា និងលោកស្រី សុង សុខលាប ជ្រើសរើសបានអត្តពលិកកីឡាជនពិការលើប្រភេទកីឡាបាល់បោះរទេះ ប៊ូល និងប៉េតង់ ប៊ូស្យា បាល់ទះអង្គុយ និងប្រភេទកីឡាមជនពិការជាច្រើនទៀត៕

L

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online