ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទម្ងន់ទោស

ខេត្តព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានធ្វើការបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (ធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃ) ។

សុំបញ្ជាក់ថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២០និង៣០នាទី នៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នា០៥នាក់ ជិះម៉ូតូ ០២គ្រឿង (ម៉ាក Honda Scoppy ស៊េរីឆ្នាំ២០២២ ពណ៌ស ពាក់ស្លាកលេខៈ កំពត 1S-8446 និងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខៈ កំពត 1R-7442) បានធ្វើសកម្មភាព ធាក់ផ្តួលម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ដោយបុរសជាអ្នកបើកម៉ូតូ រីឯនារីជាសង្សារជិះពីក្រោយ បណ្តាលឲ្យដួលរងរបួស បន្ទាប់មកក្រុមជនសង្ស័យ បានប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយទៅលើជនរងគ្រោះបន្ថែមទៀត ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក Honda Scoppy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខៈ ព្រៃវែង 1R-6102 ព្រមទាំងប្លន់យកកាបូបស្ពាយចំហៀង ០១ ពណ៌ប្រផេះ មានទូរស័ព្ទដៃ ០២ គ្រឿង ម៉ាក Iphone11 pro ពណ៌ខ្មៅ iphone8 ពណ៌ខ្មៅ និងគ្រឿងសម្អាងមួយចំនួន កាបូបតូចវែង ០១ ពណ៌ខ្មៅ មានលុយខ្មែរ ចំនួន ២០០,០០០៛ (ម្ភៃម៉ឺនរៀល) និងកាត់ផ្សេងៗមួយចំនួន រួចជិះគេចខ្លួនបាត់ ហើយក្នុងហេតុការណ៍នេះបណ្តាលឲ្យជនរងគ្រោះរងរបួសដូចខាងក្រោម៖ ជនរងគ្រោះទាំង០២នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ តាត់ ភត្រ្តា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ វិមានខ្សាច់ស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

-រងរបួស៖ ដាច់រលាត់ម្រាមដៃខាងឆ្វេង និងជង្គុង ។

២-ឈ្មោះ ប្រាក់ ច័ន្ទដាលីន ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

-រងរបួស៖ ច្រមុះ ,មាត់ ,រលាត់ដៃខាងឆ្វេង និងរលាត់ជើងត្រងចង្គុងខាងឆ្វេង ។ សម្ភារបាត់បង់៖

-ម៉ូតូ ០១គ្រឿង ម៉ាក Honda Scoppy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខៈ ព្រៃវែង 1R-6102 

-កាបូបស្ពាយចំហៀង ០១ ពណ៌ប្រផេះ 

-ទូរស័ព្ទដៃ ០២ គ្រឿង (ម៉ាក Iphone11 pro ពណ៌ខ្មៅ ,iphone8 ពណ៌ខ្មៅ) 

-គ្រឿងសម្អាងមួយចំនួន 

-កាបូបលុយតូចវែង ០១ ពណ៌ខ្មៅ 

-លុយខ្មែរ ចំនួន ២០០,០០០៛ (ម្ភៃម៉ឺនរៀល) 

-អត្តសញ្ញាណប័ណ្ណ ០២សន្លឹក និងកាតចាក់វ៉ាកសាំង ០២សន្លឹក ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមដងផ្លូវត្រង់ចំណុចសំខាន់ ដើម្បីចាំស្ទាក់ចាប់ជនសង្ស័យ រហូតដល់វេលាម៉ោង ២១និង១៥នាទី ទើបធ្វើការស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ជាជនជាតិខ្មែរ ភេទប្រុស នៅចំណុចផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រីឯជនសង្ស័យ ០១នាក់ ទៀត ជាជនជាតិខ្មែរ ភេទប្រុស បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ កម្លាំងសមត្ថកិច្ចយើងកំពុងស្វែងរកចាប់ខ្លួន ។ កម្លាំងសមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវរហូតដល់វេលាម៉ោង ០៣ និង ២០នាទី ទៀបភ្លឺ ឈាងចូលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ ធ្វេីការចាប់ឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យបាន ០១នាក់ ទៀត ជាជនជាតិខ្មែរ ភេទប្រុស ។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចជំនាញ ធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ០៥នាក់ រីឯជនសង្ស័យដែលរត់គេចខ្លួន និងបក្ខពួករបស់ជនសង្ស័យមួយចំនួនទៀត កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន។ ជនសង្ស័យទាំង០៥នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ហុក ចិត្រា ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ រាជធានីភ្នំពេញ (មិនពិតប្រាកដ) ។

២-ឈ្មោះ ព្រំ ឈៀងសៀវថង ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិសឹង ឃុំរការខ្នង ស្រុកដូនកែវ ខេត្តតាកែវ ។

៣-ឈ្មោះ ហន ប៊ុនថុង ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

៤-ឈ្មោះ យ៉ាង វាសនា ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកប្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ។

៥-ឈ្មោះ អំ ពេជ ហៅ ពេជ្រ ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។

វត្ថុតាងដកហូតបានរួមមាន៖

-កាំប៉ិតបុ័ងតោ ០១ដើម (ឧបករណ៍ធ្វើសកម្មភាព)

-កាបូបស្ពាយចំហៀង ០១ ពណ៌ប្រផេះ មានគ្រឿងសម្អាងមួយចំនួន (ផលនៃអំពើប្លន់)       

-កាបូបលុយតូចវែង ០១ ពណ៌ខ្មៅ មានកាត់ផ្សេងៗមួយចំនួន (ផលនៃអំពើប្លន់)

-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone11 pro ពណ៌ខ្មៅ (ផលនៃអំពើប្លន់)

-ម៉ូតូចំនួន ០៥គ្រឿង៖

   ១-ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខៈ កំពត 1R-7442 (មធ្យោបាយជិះធ្វើសកម្មភាព និងជាផលនៃអំពើប្លន់នៅខេត្តកំពត)

   ២-ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ គ្មានស្លាកលេខ (ផលនៃអំពើប្លន់)

   ៣-ម៉ាក Honda Scoppy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខៈ ព្រៃវែង 1R-6102 (ផលនៃអំពើប្លន់)

    ៤-ម៉ាក Honda Scoppy ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខៈ កំពត 1S-8446 (មធ្យោបាយជិះធ្វើសកម្មភាព) ។

    ៥-ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខៈ កំពត 1Q-7988 (មធ្យោបាយជិះធ្វើសកម្មភាព)

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាៈ ក្រុមបក្ខពួករបស់គេ ដែលចេញធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃ សរុបមានគ្នាចំនួន ០៩នាក់ ដោយបច្ចុប្បន្នត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន០៥នាក់ ។ អំពីសកម្មភាពដែលបានប្រព្រឹត្តកន្លងមក៖

១-នៅក្នុងទឹកដីនៃខេត្តព្រះសីហនុ ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃបានចំនួន០៨ករណី ។ 

២-នៅខេត្តកំពត ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែក 

កាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ បានចំនួន ០៥ករណី ។ 

៣-នៅរាជធានីភ្នំពេញ ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ ,កាំប៉ិតបុ័ងតោ ,ដំបងដែក កាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ បានចំនួន ០៦ករណី ។

៤-នៅខេត្តតាកែវ មានដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ ផងដែរ ។

ចំពោះជនសង្ស័យខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ចំពោះបក្ខពួករបស់ជនសង្ស័យដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមក ផ្ដន្ទាទោសតាមច្បាប់ផងដែរ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online