សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (យកម៉ូតូចំនួន ០១ គ្រឿងម៉ាក សេ១២៥) ។

កើតហេតុនៅចំណុចការ៉ាស់ទទួលផ្ញើនិងលាងរថយន្ត ផ្លូវ ៦៩បេតេ ភូមិ ត្នោតជ្រុំ៦ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១៧ម៉៣០នាទី ។

១.ជនសង្ស័យឈ្មោះ សោ ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅការ៉ាស់ទទួលផ្ញើនិងលាងរថយន្ត ផ្លូវ ៦៩បេតេ ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករលាងរថយន្ត (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ សាន្ត សៀប ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងការ៉ាស់ទទួលផ្ញើនិងលាងរថយន្ត ផ្លូវលេខ៦៩បេតេ ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមេការការ៉ាស់ទទួលផ្ញើនិងលាងរថយន្ត។

ហេតុការណ៍ ៖ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧ម៉៣០នាទី នៅចំណុចការ៉ាស់ទទួលផ្ញើនិងលាងរថយន្ត ផ្លូវ៦៩បេតេ ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ជនសង្ស័យ(ជាកម្មករលាងរថយន្ត) បានយកម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1EA 2578 ជារបស់ជនរងគ្រោះ (ជាមេការការ៉ាស់ទទួលផ្ញើនិងលាងរថយន្ត) ដោយប្រាប់ថាជិះទៅទិញបាយហូប តែជនសង្ស័យបានយកម៉ូតូជិះគេចខ្លួនបាត់មិនឃើញត្រឡប់មកវិញ ទើបនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧ម៉៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ ឲ្យជួយស្រាវជ្រាវរក ។ លុះមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០ម៉០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនិងចាប់យកវត្ថុតាង(ម៉ូតូម៉ាកសេ១២៥ជារបស់ជនរងគ្រោះ) នៅចំណុចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីយកមកចាត់ការតាមនីតិវិធី ។ នៅពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចយើងបានចាប់យកភស្តុតាង ៖ ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៦ លេខតួ+លេខម៉ាស៊ីន ៩៥៨៨៤៧៦ ពាក់ស្លាកលេខ ភ្នំពេញ 1EA 2578 (ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សោ ម៉ៅ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕