ជនជាតិថៃម្នាក់លោតសម្លាប់ខ្លួនលើអគារកម្ពស់១១ជាន់ ក្នុងបរិវេណកាស៊ីណូក្រោន ពុំដឹងមូលហេតុច្បាស់លាស់

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង ០៤និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉េត បានទទួលព័ត៌មាន ពីលោក សុត កុសល ជំនួយការអគ្គនាយកក្រុមហ៊ុនកាស៊ីណូក្រោនថាមានជនម្នាក់ពុំស្គាល់អត្តសញ្ញាណបានលោតពីលើអគារស៊ី អេ សិច របស់ក្រុមហ៊ុនកាស៊ីណូក្រោនស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានបានសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរអត្តសញ្ញាណនិងមូលហេតុជុំវិញនៃការស្លាប់ ។

យើងបានដំណើរស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដល់ម៉ោង០៧និង២០នាទីព្រឹក ដោយធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន ឃើញថា ជនរងគ្រោះបានលោតសម្លាប់ខ្លួនពីលើអគារជាន់ទី១១ ។

ជនរងគ្រោះឈ្មោះ មេសា សយស៊ែង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិថៃ មុខរបរ ជំនួយការទីផ្សាររបស់ក្រុមហ៊ុនកាស៊ីណូក្រោន ។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ទៀតថា តាមការសាកសួរមិត្តភក្តិដេកនៅបន្ទប់ជាមួយឈ្មោះ ភីរ៉ាយ៉ុត វុទ្ធីឃុន (ប៉ាវ)ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិថៃ និង ឈ្មោះវង្ស សាវ៉ាន់ផយគង់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ធ្វើការជាមួយគ្នា រស់នៅខេត្តរឆៈបូរី ប្រទេសថៃ បានបំភ្លឺថា ជនរងគ្រោះ(សាកសព)ចាប់តាំងពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ពេលល្ងាចជនរងគ្រោះតែងតែឃើញមានសត្វហោះកាត់មុខ និងមានអារម្មណ៍មិនស្រួលអង្គុយលេងទូរស័ព្ទតែម្នាក់ឯងហៅមិននិយាយស្តី មិនឮរហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ គាត់នៅតែមានអការៈដដែលមិនដឹង ហើយខ្លួនពួកគាត់ទាំង០២នាក់នៅដេកមើលគាត់ហូតដល់ម៉ោង០៣ជាងទៀបភ្លឺ ពួកគាត់ក៏ដេកលក់មិងខ្លួន លុះព្រឹកម៉ោង០៩និង២៥នាទី រឹថ្ងៃទី០៣នេះ បុគ្គលិកអាគារស្នាក់នៅបានទៅគោះទា្វរបន្ទប់ហើយសួរថា មានបាត់បងប្អូនអត់ ហើយក៏ឲ្យមើលរូបថតទើបមានការភ្ញាក់ផ្អើលតែម្តង។

ករណីនេះដោយមានការចុះសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បន្ទាយមានជ័យ លឹម ប៊ុនសុភ័ក្រ ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវជុំវិញករណីស្លាប់នេះ ឈ្មោះ មេសា សយសែង ភេទប្រុស អាយុ១៩ឆ្នាំនេះ ពិតជាស្លាប់ដោយសារធ្វើអត្តឃាតលោតពីលើអគារជាន់ទី១១ សម្លាប់ខ្លួន ពិតប្រាកដមែន គ្មានពាក់ពន្ធ័និងករណីឃាតកម្មទេ ។

សពបានយកទៅតម្កល់ទុកនៅវត្តបាលិលេយ្យដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅប្រទេសថៃ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ