សម្តេចតេជោ ឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជាបច្ចុប្បន្នក៏មានសមត្ថភាពធ្វើបាន

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជាបច្ចុប្បន្នក៏មានសមត្ថភាពធ្វើបានដែរ គ្រាន់តែថាកន្លងមក យើងមិនមានការផ្សព្វផ្សាយឲ្យទូលំទូលាយ ព្រោះដោយសារតែខ្លាចមានការជួញដូរក្រលៀន ឬអវយវៈនោះ។

សម្តេចតេជោ បានមានប្រសាសន៍ថា ការបង្កើនសមត្ថភាពរបស់គ្រូពេទ្យគឺជារឿងសំខាន់ បូកនឹងការការពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីធានាការព្យាបាលមានប្រសិទ្ធភាព និងសុវត្ថិភាព។ ប្រសាសន៍ខាងលើសម្តេចតេជោបានធ្វើឡើងគ្រាសម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ(ពេទ្យលោកសង្ឃ)នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ នេះ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថា អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។ មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online