រុស្ស៊ី​​បរាជ័យ​​ក្នុង​​ការ​​អនុម័ត​​សេចក្ដី​សម្រេច​​មនុស្ស​ធម៌​​នៅ​​អ៊ុយក្រែន​​របស់​​ខ្លួន​​ នៅ​ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជាជាតិ​

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ​ ទទួល​បាន​សម្លេង​គាំទ្រ​យ៉ាង​លើស​លប់​លើ​ការ​មិន​អនុម័ត​សេចក្ដី​សម្រេច​របស់​រុស្ស៊ី​ដើម្បី​ទទួល​ស្គាល់​តម្រូវ​ការ​មនុស្ស​ធម៌​នៅ​អ៊ុយក្រែន​ ដែល​មិន​​និយាយ​អំពី​សកម្មភាព​​ឈ្លាន​ពាន​របស់​ខ្លួន​ ​ ស្រប​ពេល​ដែល​​ប្រជាជន​អ៊ុយក្រែន​រាប់​លាន​នាក់​កំពុង​ត្រូវ​ការ​អាហារ​ ទឹក​ និង​ទី​ជម្រក​​​។

ដើម្បី​អនុម័ត​សេចក្ដី​សម្រេច​នេះ​ បាន​រុស្ស៊ី​ត្រូវ​ការ​សំឡេង​គាំទ្រ​យ៉ាង​តិច​ ៩ ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​ដែល​មាន​សមាជិក​ ចំនួន​ ១៥ ​ហើយ​មិន​ត្រូវ​មាន​ការ​បោះឆ្នោត​វេតូ​ពី​សមាជិក​អចិន្ត្រៃយ៍​ណា​មួយ​ឡើយ​។​​ ប៉ុន្តែ​រុស្ស៊ី​ទទួល​បាន​ការ​គាំទ្រ​តែ​ពី​ចិន​ម្នាក់​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ​ ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន​ ១៣ ​ផ្សេង​ទៀត​បាន​អនុបវាទ​មិន​បោះឆ្នោត​។​

ការ​បរាជ័យ​របស់​រុស្ស៊ី​លើ​សេចក្ដី​សម្រេច​នេះ​ កើត​ឡើង​ក្នុង​ថ្ងៃ​តែ​១​ ចំ​ពេល​មហាសន្និបាត​​ចាប់​ផ្ដើម​ពិចារណា​លើ​សេចក្ដី​សម្រេច​ដែល​ព្រាង​ដោយ​អ៊ុយក្រែន​ និង​ប្រទេស​ជាង​ ២០ ​ផ្សេង​ទៀត​ រួម​ទាំង​ការ​សហការ​ឧបត្ថម្ភ​ដោយ​ប្រទេស​ជិត​ ១០០ ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ការ​ឈ្លានពាន​របស់​រុស្ស៊ី​​​បាន​បង្ក​ភាព​អាសន្ន​​មនុស្ស​ធម៌​​​។ ​

ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​របស់​អង្គការ​សហ​ប្រជាជាតិ​ លោក​ Vassily Nebenzia ​ប្រាប់​ក្រុម​ប្រឹក្សា​មុន​ការ​បោះឆ្នោត​ថា​ សេចក្ដី​សម្រេច​របស់​ខ្លួន​ «​មិន​មាន​លក្ខណៈ​នយោបាយ​»​ ដូច​​ដំណោះស្រាយ​មនុស្ស​ធម៌​ផ្សេង​ទៀត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ទេ​ ហើយ​លោក​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​អះអាង​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា​ ប្រទេស​របស់​លោក​មិន​មាន​សិទ្ធិ​ដាក់​ស្នើ​សេចក្ដី​សម្រេច​បែប​នេះ​ទេ​។​

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​អ្នក​ស្រី​ Linda Thomas-Greenfield ​​ប្រឆាំង​ថា​ រុស្ស៊ី​កំពុង​ព្យាយាម​ប្រើ​ក្រុម​ប្រឹក្សា​នេះ​ ដើម្បី​ផ្ដល់​ការ​បិទ​បាំង​ចំពោះ​សកម្មភាព​ដ៏​ឃោរឃៅ​របស់​ខ្លួន​។​ អ្នក​ស្រី​និយាយ​ថា​៖​ «​រុស្ស៊ី​​មិន​​ខ្វល់​​ពី​​លក្ខខណ្ឌ​​មនុស្ស​ធម៌​​ដែល​​កាន់​តែ​​យ៉ាប់យ៉ឺន​​​នោះ​​​ទេ​។​ ​បើ​រុស្ស៊ី​​យក​​ចិត្ត​​ទុក​​ដាក់​មែន​ គេ​​នឹង​​ឈប់​ប្រយុទ្ធ​ ឈប់​វាយ​ប្រហារ​ ឈប់​ឈ្លាន​ពាន​ហើយ​។​ ពួក​គេ​ចង់​ឱ្យ​យើង​អនុម័ត​ដំណោះស្រាយ​ ដែល​មិន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​»​។

លោក​ Nebenzia និយាយ​ក្រោយ​រុស្ស៊ី​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ថា​ លទ្ធផល​នេះ​លាត​ត្រដាង​ប្រទេស​ទាំង​អស់​ពី​ភាព​សំខាន់​នៃ​នយោបាយកម្ម​លើ​បញ្ហា​មនុស្សធ​ម៌​ ជា​ជាង​ការ​ជួយ​គ្នា​ផ្ដល់​ជំនួយ​ដល់​អ៊ុយក្រែន​។​ ស្រដៀង​នឹង​នេះ​ដែរ​ ​លោក​ Zhang Jun ​ឯកអគ្គ​រដ្ឋ​ទូត​ចិន​និយាយ​ថា​ សមាជិក​ក្រុមប្រឹក្សា​គួរ​តែ​ផ្តោត​លើ​បញ្ហា​មនុស្ស​ធម៌​ កុំ​ខ្វល់​ពី​ភាព​ខុស​គ្នា​ផ្នែក​នយោបាយ​ ​ព្យាយាម​ឈាន​​ឯក​ភាព​គ្នា​ និង​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​មនុស្ស​ធម៌​ក្នុង​លក្ខណៈ​វិជ្ជមាន​ ជាក់​ស្តែង​ និង​ស្ថាបនា​»​។​

យោង​តាម​អង្គការ​សហ​ប្រជា​ជាតិ​ ប្រជាជន​អ៊ុយក្រែន​ប្រហែល​ ១០ ​លាន​នាក់​ ដែល​ស្មើ​នឹង​ ១/៤​​ ​នៃ​ចំនួន​ប្រជាជន​សរុប​ ត្រូវ​​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ ដោយ​ជាង​ ៦,៥ ​លាន​នាក់​​ផ្លាស់​ទី​លំនៅ​ក្នុង​ប្រទេស​ និង​ជាង​ ៣,៦ ​លាន​នាក់​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស​។​ ខណៈ​ដែល​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​រួម​មាន​ទាំង​ការ​ទម្លាក់​គ្រាប់​បែប​ វិបត្តិ​មនុស្ស​ធម៌​កាន់​តែ​អាក្រក់​ទៅ​ៗ​ដោយ​អ៊ុយក្រែន​ត្រូវ​ការ​ជំនួយ​ជាច្រើន​ជា​ពិសេស​អាហារ ​ទឹក​ ទី​ជម្រក​ ការ​ថែទាំ​សុខ​ភាព​ និង​កំដៅ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online