សត្វស្លាបតំបន់អភិរក្សទួលពាន់តាឡី បឹងស្នេហ៌ ឈឺងាប់ជាបន្តបន្ទាប់ ជិតកន្លះខែហើយមន្ត្រីជំនាញមិនទាន់ដឹងមូលហេតុ 

ព្រៃវែង៖ សត្វស្លាបជាច្រើនប្រភេទ និងមានចំនួនរាប់ម៉ឺនក្បាល ដែលរស់នៅក្នុងតំបន់អភិរក្សសត្វស្លាបទួលពាន់តាឡី បឹងស្នេហ៌ ក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៌ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាការពារនិងអភិរក្សយ៉ាងតឹងរ៉ឹងបំផុត ព្រោះវាបានផ្តល់នូវប្រាក់ចំណូលយ៉ាងច្រើន ដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរក្នុងតំបន់នោះ តាមរយៈការស្រូបទាញភ្ញៀវភេសចរណ៌រាប់ពាន់នាក់ក្នុង១ខែៗ អោយចូលទៅទស្សនា។

ទោះជាយ៉ាងនេះក្តី សត្វស្លាបទាំងនេះក៏នៅតែប្រឈមនិងបញ្ហាជម្ងឺឆ្លង និងឈឺងាប់ជាបន្តបន្ទាប់រហូតដល់រាប់ពាន់ក្បាល កាលពីឆ្នាំមុន ហើយមកដល់ពេលថ្មីៗនេះ គេប្រទះឃើញថា សត្វស្លាបទាំងនោះ កំពុងតែសំកុកឈឺងាប់ជាបណ្តើរៗទៀតហើយ ដោយមិនដឹងថាមកពីមូលហេតុអ្វីនោះទេ បញ្ហានេះបានធ្វើអោយក្រុមភ្ញៀវទេសចរណ៌ដែលបានចូលទៅឃើញ រួមទាំងប្រជាពលរដ្ឋសហគមន៌ដែលជាអ្នកទទួលបានផលប្រយោជន៌ពីសត្វស្លាបទាំងនេះ កំពុងមានការព្រួយបារម្មណ៌ជាខ្លាំង និងស្នើសុំអោយមន្ត្រីជំនាញជួយចុះស្រាវជ្រាវរកមូលហេតុ និងដោះស្រាយបញ្ហានេះផង។

ប្រជាសហគមន៌ក្នុងតំបន់អភិរក្សសត្វស្លាបទួលពាន់តាឡី បឹងស្នេហ៌ នេះបានអោយដឹងថា សត្វស្លាបទាំងនេះបានចាប់ផ្តើមឈឺងាប់ ជាងកន្លះខែមកហើយ ដោយពីដំបូងពួកវាចាប់សំកុកលែងស៊ីចំណី ហើយប៉ុន្មានថ្ងៃក្រោយមក ក៏ចាប់ប្រកាច់ងាប់បន្តបន្ទាប់គ្នា ក្នុង១ថ្ងៃៗពី២០ទៅ៣០ក្បាល ហើយមកដល់ពេលនេះចំនួនសត្វដែលងាប់គឺរាប់រយក្បាលទៅហើយ និងនៅមានសត្វជាច្រើនក្បាលទៀតកំពុងតែឈឺសំកុកនៅក្នុងព្រៃ និងនៅតាមមាត់បឹង រងចាំថ្ងៃអស់ជីវិតមកដល់។

ពលរដ្ឋទាំងនោះបានបញ្ជាក់ថា សត្វស្លាបទាំងនោះងាប់រាយប៉ាយពេញព្រៃ តាមវាលស្រែ និងក្នុងទឹកមាត់បឹង គ្មានអ្នកណាទទួលខុសត្រូវប្រមូលយកទៅកប់ចោលនោះទេ ហើយក៏គ្មានអ្នកណាហ៊ានយកទៅទទួលទាននោះដែរ ព្រោះខ្លាចឆ្លងជម្ងឺពីសត្វទាំងនោះ។

មន្រ្តីជំនាញពេទ្យសត្វ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល របស់មន្ទីរកសិកម្មខេត្តព្រៃវែង បានអោយដឹងថា មន្រ្តីជំនាញពេទ្យសត្វ បានចុះទៅពិនិត្យនិងយកសំណាកសត្វដែលឈឺងាប់នោះ បញ្ជូនទៅខាងនាយកដ្ឋាន ដើម្បីសិក្សារកមូលហេតុដែលធ្វើអោយសត្វទាំងនោះងាប់ហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ខាងក្រសួងមិនទាន់បានប្រកាសពីលទ្ធផលនៃការពិនិត្យសំណាកនោះទេ ដូច្នេះហើយទើបយើងនៅមិនទាន់អាចនិយាយបានថា តើសត្វស្លាបទាំងនោះងាប់ដោយសារមូលហេតុអ្វី? គឺទាល់តែក្រសួងប្រកាស ទើបជាចម្លើយផ្លូវការ……!៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online