ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មីនប្រភេទPMN2 នៅក្នុងកេសពណ៌ស មានគុណភាពប្រហែលជា៨០% នៅស្រុកថ្មពួក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មីនប្រភេទPMN2 ចំនួន ១២គ្រាប់ ស្ថិតនៅចម្ងាយ៥០ម៉ែត្រ ខាងជើងភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកថ្មពួក បានឲ្យដឹងថា ប្រជាពលរដ្ឋឈ្មោះ ណាប់ នឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជាកម្លាំងប្រជាការពារភូមិ នៅភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរលើផ្លូវទើបកសាងរួចដោយគម្រោងរបស់មន្ទីរអភិវឌ្ឍ ក៏ប្រទះឃើញគ្រាប់មីននៅក្នុងកេសពណ៌សចំនួន ១២គ្រាប់ មានគុណភាពប្រហែលជា៨០% ។
បន្ទាប់មក បានរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកកឋិន ហើយក៏បានរាយការណ៍បន្តទៅក្រុមការងារបោសសម្អាតមីន (Hallo) ដើម្បីមានវិធានការបន្ត ។
នគរបាលបានបញ្ជាក់ថា កាលពីកាយធ្វើផ្លូវនោះម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រ មិនទាន់ប្រទះឃើញគ្រាប់មីននោះឡើយ លុះពេលដីច្រោះទើបឈ្មោះណាប់ នឿន ធ្វើដំណើរលើផ្លូវនោះក៏ប្រទះឃើញគ្រាប់មីននៅក្នុងកេសពណ៌សនោះ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ